(បរទេស)៖ ថ្មីៗនេះកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិនថ្មីមួយមានឈ្មោះថា RedNote ត្រូវបានគេរាយការណ៍មកថា គិតត្រឹមដើមសប្តាហ៍នេះចំនួននៃការទាញយកនៅលើ App Store របស់ Apple ស្ថិតនៅលេខរៀងកំពូលដែលមានអ្នកទាញយកច្រើនបំផុត។ លទ្ធផលនេះ បានកើតឡើងក្រោយអ្នកប្រើប្រាស់មានការព្រួយបារម្មណ៍អំពីការហាមប្រាម TikTok នៅសហរដ្ឋអាមេរិកដែលកាន់តែខិតជិតមកដល់នៅថ្ងៃទី១៩ ខែមករា ខាងមុខ និងធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅរកកម្មវិធីផ្សេងជំនួស។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
កម្មវិធី RedNote ត្រូវបានគេស្គាល់ថាជា Xiaohongshu នៅក្នុងប្រទេសចិន គឺជាកម្មវិធីប្រើប្រាស់ដោយឥតគិតថ្លៃ គិតត្រឹមថ្ងៃចន្ទនេះ ឈរនៅលេខរៀងទី១ នៅលើ App Store និងតាមពីក្រោយដោយកម្មវិធីចែករំលែករូបភាព Lemon8 របស់ TikTok និង ChatGPT របស់ OpenAI ដែលមានសន្ទុះនៃការទាញយកច្រើនបំផុត។
របាយការណ៍បានឱ្យដឹងថា អ្នកផលិតមាតិកានៅលើ TikTok ជាច្រើននៅសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ស្វែងរកជម្រើសផ្សេងដែលពួកគេអាចបង្ហោះវីដេអូបាន ខណៈដែលគ្រប់គ្នាកំពុងរង់ចាំមើល ថាតើនឹងមានអ្វីកើតឡើងចំពោះ TikTok ដែលកំពុងប្រឈមនឹងការហាមឃាត់នៅថ្ងៃទី១៩ ខែមករា នៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ កាលពីសប្តាហ៍មុនតុលាការកំពូលសហរដ្ឋអាមេរិកបានបើកសវនាការផ្ទាល់មាត់ ប៉ុន្តែលទ្ធផលហាក់មិនសូវល្អនោះទេ ពោលគឺនៅតែមានការលើកឡើងដដែល TikTok ដែលជាកម្មសិទ្ធរបស់ ByteDance បានបង្កហានិភ័យដល់សន្តិសុខជាតិ។ តែយ៉ាងណា មេធាវីតំណាងឱ្យ TikTok និងអ្នកបង្កើតមាតិកាបានអះអាងថា ច្បាប់នេះរំលោភលើការការពារការនិយាយដោយសេរីរបស់អ្នកប្រើប្រាស់អាមេរិករាប់លាននាក់។
យ៉ាងណាមិញ ប្រសិនបើ TikTok ត្រូវបានហាមឃាត់ពិតមែននោះ កម្មវិធីបន្ទាប់ដែលអ្នកប្រើប្រាស់អាមេរិកនឹងងាកទៅប្រើប្រាស់ ត្រូវបានគេរំពឹងខ្ពស់ថាជាកម្មវិធី RedNote។ ខណៈពេលនេះមានទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកផលិតមាតិកានៅលើ TikTok កំពុងនាំគ្នាផ្សព្វផ្សាយអំពីកម្មវិធីចិននេះ ដោយមានគណនីមួយឈ្មោះថា allieusyaps បានបង្ហោះនៅថ្ងៃចន្ទថា «មិនអីទេ» ប្រសិនបើ TikTok ត្រូវបានហាមឃាត់នៅអាមេរិកពិតមែន គាត់និងអ្នកបង្កើតមាតិកានៅលើ TikTok ផ្សេងទៀត «នឹងមិនត្រឡប់ទៅ Instagram និង Facebook វិញទេ» ដោយសារតែពួកគេ បានចូលរូមជាមួយ RedNote។
គួរជម្រាបថា RedNote មានមូលដ្ឋាននៅទីក្រុងសៀងហៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ហើយបានប្រជែងគ្នាកាន់តែខ្លាំងឡើងជាមួយ Alibaba និង Douyin ដែលជាកំណែ TikTok នៅក្នុងប្រទេសចិន នៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមរបាយការណ៍របស់ South China Morning Post បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រហែល ៣០០លាននាក់។ របាយការណ៍មួយទៀតមានឈ្មោះ PitchBook បានឱ្យដឹងថា RedNote មានតម្លៃខ្លួន ១៧ពាន់លានដុល្លារ បន្ទាប់ពីការបង្កើនមូលនិធិនៅក្នុងខែកក្កដាពីអ្នកវិនិយោគដូចជា Boyu Capital និង HongShan Capital Group ដែលជាអតីតវិនិយោគចិនរបស់ Sequoia Capital និងមានបុគ្គលិកសរុបច្រើនជាង ២,០០០នាក់ឯណោះ។
គូសបញ្ជាក់ថា កម្មវិធីនេះ បច្ចុប្បន្នគាំទ្រតែភាសាចិនប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកប្រើប្រាស់បរទេសអាចពិបាកនៅក្នុងការប្រើប្រាស់៕