(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា មន្ត្រីចិនកំពុងស្ថិតក្នុងការពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យកំពូលមហាសេដ្ឋីលោក Elon Musk ដែលជាការឆ្លើយតបទៅនឹងសម្ពាធផ្លូវច្បាប់ដែលអាចបង្ខំឱ្យក្រុមហ៊ុនមេរបស់កម្មវិធីចិនគឺ ByteDance ដកហូតទ្រព្យសម្បត្តិអាមេរិករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយពី Bloomberg បាននិយាយថា មន្ត្រីទីក្រុងប៉េកាំងចង់ឱ្យ TikTok នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ByteDance។ របាយការណ៍នេះបាននិយាយទៀតថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញថាអនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់​ ByteDance ទៀតហើយ។ រដ្ឋាភិបាលរបស់ប្រទេសចិនមាន «ចំណែកមាស» នៅក្នុង ByteDace ដែលធ្វើឱ្យសមាជិកសភាអាមេរិកមួយចំនួនកាន់តែមានកង្វល់ថា វាអាចផ្តល់អំណាចដល់រដ្ឋាភិបាលចិនលើការគ្រប់គ្រង់ទិន្នន័យ TikTok។

យ៉ាងណា នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួចប្រសិនបើ TikTok ពិតជាត្រូវបានលក់ទៅឱ្យ Musk ពិតមែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ TikTok និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

ជុំវិញព័ត៌មានលម្អិតអំពីរបាយកាណ៍នេះទាំង​ ByteDance និង Musk មិនមានការធ្វើអត្ថាធិប្បាយនោះទេ ហើយក៏មិនមានព័ត៌មាន ថាតើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន ByteDace, TikTok និង Musk បានចូលរួមកិច្ចពិភាក្សាណាមួយទាក់ទងនឹងការលក់ដែលអាចកើតមាននោះដែរ។

គូសបញ្ជាក់ថា ការពិចារណានេះ កើតឡើងនៅពេលដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងតម្កល់ច្បាប់ដែលតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដកហូតទ្រព្យសម្បត្តិអាមេរិករបស់ខ្លួនត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារបញ្ហាសន្តិសុខជាតិ៕