(ភ្នំពេញ)៖ ឆ្នាំថ្មីបើកទំព័រសករាជថ្មី នាគមាស ឃីម បូរ៉ា បន្ទាប់ពីរបួសដៃ ក៏ខកខានការប្រកួតជាយូរមកហើយ ស្រាប់តែពេលនេះក៏លេចឮដំណឹងដ៏ល្អមួយ សម្រាប់អ្នកគាំទ្រកីឡាករ ឃីម បូរ៉ា ដែលគេដាក់រហ័សនាមថា «នាគមាស» បានងើបឡើងមកវិញ នៅលើសង្វៀន គ្រុឌគុនខ្មែរ និងកំពុងរង់ចាំខ្លាកំណាចមកពីដែនដីប្រទេសចិន ហៅ ជីឡុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅឧទ្យានសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។ នេះជាអ្វីដែលអ្នកគ្រប់គ្នាទន្ទឹមរង់ចាំជាមកយូរមកហើយ។

បន្ទាប់ពីវិលត្រឡប់ជាមួយសង្វៀនគ្រុឌគុនខ្មែរ ឃីម បូរ៉ា គឺជានាគកំណាចមួយដែលធ្វើឱ្យសង្វៀនគ្រុឌគុនខ្មែរ រង្គោះរង្គើកក្រើក នរណាៗឃើញហើយក៏ខ្លាចកីឡាករ ឃីម បូរ៉ា និងក៏មិនធ្វើឱ្យអ្នកគាំទ្រ ខកចិត្តនោះឡើយ។ សម្រាប់ការប្រកួតនេះដែរ សង្វៀនគ្រុឌគុនខ្មែរ ក៏កាន់តែធ្វើឱ្យបងប្អូនជក់ចិត្តកាន់តែខ្លាំង ទស្សនាហើយដកភ្នែកមិនរួច។ សូមបញ្ជាក់ថា ឃីម បូរ៉ា គឺមានតែសង្វៀនគ្រុឌគុនខ្មែរតែមួយគត់ ដែលបានឧបត្ថម្ភធំផ្តាច់មុខក្នុងការប្រកួត ពោលគឺគ្មានការប្រកួតជាមួយកីឡាកររូបណាផ្សេង និងមិនដូចអ្វីដែលមហាជន និងអ្នកគាំទ្របានលេចឮនោះឡើយ។

កម្មវិធីប្រកួតនឹងមានផ្សាយផ្ទាល់ពីឧទ្យានសាន់សាញ បឹងកក់ភ្នំពេញ តាមកញ្ចក់ទូរទស្សន៍ជាតិ និងផេក TVK ព្រមទាំងផេកផ្លូវការ Krud Energy និង Krud Kun Khmer វេលាម៉ោង ៦៖៣០នាទីយប់តទៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ៕