(បរទេស)៖ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung កំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ ៣តង់ (Samsung tri-fold) ជំនាន់ដំបូងបង្អស់របស់ខ្លូន ដែលគ្រោងចេញលក់នៅចុងត្រីមាសទី២ ហើយក៏ជាក្រុមហ៊ុនទី២ ដែលធ្វើការលើម៉ូដែលនេះ បន្ទាប់ពី Huawei ផងដែរ។ យ៉ាងណារបាយការណ៍ចុងក្រោយនេះបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ ៣តង់នឹងមិនចេញតាមការព្រាងទុកដំបូងរបស់ Samsung ចំនួន ៣០០,០០០គ្រឿងនោះទេ ពោលគឺមានចំនួនកំណត់ត្រឹមតែ ២០០,០០០គ្រឿងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ថ្មីមួយពីប្រទេសកូរ៉េ បាននិយាយថា វានឹងធ្លាក់ចុះពីចំនួនកំណត់ពីមុនប្រហែល ១០០,០០០គ្រឿង ខណៈគ្រឿងបន្លាស់សម្រាប់ឧបករណ៍នេះ នឹងត្រូវផលិតចាប់ពីត្រីមាសទីពី (ខែមេសា ដល់ខែមិថុនា) ខាងមុខនេះតទៅ។ ទាំងនេះ គឺដោយសារតែការផលិតដ៏ស្មុគស្មាញសម្រាប់ឧបករណ៍នេះ តែយ៉ាងណាគេនៅតែរំពឹងថា Samsung នឹងអាចស្វែងរកវិធីដើម្បីដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួន ប្រសិនបើឧបករណ៍នេះទទួលបានជោគជ័យខ្លាំង។
គួរជម្រាបថា Samsung មិនត្រឹមតែកាត់បន្ថយការផលិតសម្រាប់ស្មាតហ្វូនអេក្រង់បត់ ៣តង់ ឬ Samsung tri-fold តែប៉ុណ្ណោះទេ ដោយរបាយកាណ៍ក៏បានអះអាងផងដែរថា សូម្បីតែការលក់ Galaxy Z Fold SE ក៏មានតិចជាង១០០,០០០គ្រឿងផងដែរមកទល់ពេលនេះ។ Samsung មានពាក្យចចាមអារ៉ាមថាបច្ចុប្បន្នកំពុងសំងំអភិវឌ្ឍ Galaxy Z Flip FE សម្រាប់ឆ្នាំនេះ។ យ៉ាងណាមិញ Samsung នៅតែត្រូវបានរំពឹងថានឹងលក់ឧបករណ៍ដែលអាចបត់បានប្រហែល ៧លានគ្រឿងនៅឆ្នាំនេះ ដែលក្នុងនោះរួមមាន ៣លានគ្រឿងសម្រាប់ម៉ូដែល Flip7, 2លានគ្រឿសម្រាប់ម៉ូដែល Fold7, ៩០ម៉ឺនគ្រឿង សម្រាប់ម៉ូដែល Flip FE និង ២០ម៉ឺនគ្រឿងសម្រាប់ម៉ូដែលអេក្រង់បត់ ៣តង់ដែលបានរៀបរាប់ខាងលើ៕