(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Gabriel Jesus នឹងត្រូវទទួលការវះកាត់សរសៃចងខាងមុខនៃជង្គងខាងឆ្វេង របស់រូបគេ បន្ទាប់ពីរបួសនេះកើតឡើងនៅជំនួប Arsenal លេងទល់ក្រុម Manchester United ក្នុងជុំទី៣ ដែលពួកគេបានធ្លាប់ចេញ ពីពានរង្វាន់ FA Cup រដូវកាលនេះ ។
ខ្សែប្រយុទ្ធអន្តរជាតិប្រស៊ីល វ័យ ២៧ឆ្នាំ Gabriel Jesus មុនជួបបញ្ហារបួសនេះ បានបង្ហាញខ្លួនចំនួន ២៧លើកហើយសម្រាប់រដូវកាលនេះ ជាមួយការរកបាន ៧គ្រាប់ផងដែរ ឱ្យក្រុមដឹកនាំដោយលោក Mikel Arteta ។
ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Gabriel Jesus បានទទួលការវាយតម្លៃក្រោយពីការស្កែនធ្វើតេស្ត និងការពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកគ្រូពេទ្យឯកទេស នឹងបានបញ្ជាក់ពីរបួសនៃសរសៃពួរចងខាងមុខនៃជង្គង់ខាងឆ្វេងរបស់គាត់ថា នឹងត្រូវធ្វើការវះកាត់ នៅប៉ុន្មានថ្ងៃខាងមុខ ជាមួយនិងការចាប់ផ្តើមការថែរទាំនៅពេលខាងមុខបន្តទៀត ។
រំលឹកផងថា Gabriel Jesus បានមកចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal កាលឆ្នាំ២០២២ ពីក្លិបរួមលីគ Manchester City ក្នុងតម្លៃប្រមាណ ៤៥លានផោន នឹងចាប់ផ្តើមរកបាន ៦គ្រាប់ពីការលេង ៧ប្រកួតនៅរដូវកាលដំបូងរបស់រូបគេ ។
ហើយពេលនេះ Arsenal មានកីឡាករឆ្នើមៗ ៦រូបកំពុងស្ថិតក្នុងបញ្ជីមានរបួស ខណៈក្រុមកំពុងឈរលេខរៀងទី៣ រកបាន ៤០ពិន្ទុបណ្តោះអាសន្ន ជាមួយនឹងសម្ពាធត្រូវបន្តប៉ះក្រុម Spors នៃជើងទី២ នៃការប្រកួតប្រជែងលីគកំពូលអង់គ្លេស ៕