(មេនឆេស្ទើ)៖ ក្រុមជើងឯកលីគអង់គ្លេស Manchester City កាន់តែខិតជិត ក្នុងការយកបានខ្សែការពារទី២ គឺ Vitor Reis ដែលមានវ័យទើបតែ ១៩ឆ្នាំប៉ុណ្ណោះពីក្លិប Palmeiras របស់ប្រេស៊ីល ក្នុងតម្លៃដែលត្រូវបានគេរាយការណ៍ថា ២៩.៤លានផោន។

ការមកដល់របស់យុវជនវ័យក្រោមឆ្នាំរូបនេះ អាចនឹងធ្វើឱ្យតំបន់ការពារមេឃខៀវ មានភាពប្រសើរឡើង ដោយនឹងរួមសហការគ្នាជាមួយ Abdukodir Khusanov វ័យ ២០ឆ្នាំ ទើបទិញមកពីក្លិប Lens របស់បារាំង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃនេះ។

ថ្មីៗនេះដែរ ក្រុមរបស់លោក Pep Guardiola ក៏បានកំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Omar Marmoush របស់ក្លិបយក្សអាល្លឹម៉ង់ Eintracht Frankfurt ផងដែរ។

ក៏ប៉ុន្តែយ៉ាងណា ស្ថិតក្នុងដំណាក់កាលចរចានេះដែរ Palmeiras មានបំណងចង់ទុក Reis រហូតដល់រដូវក្តៅខាងមុខ ដើម្បីជួយពួកគេនៅពាន Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ ដែលលេង ៣២ក្រុម៕