(បរទេស)៖ ត្រឹមតែរយៈពេល ២ថ្ងៃតែប៉ុណ្ណោះចំនួនអ្នកប្រើប្រាស់ថ្មីជាង ៧០ម៉ឺននាក់ត្រូវបានគេរាយការណ៍មកថា កំពុងទាញយក និងប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ចិនដែលមានឈ្មោះថា RedNote និងត្រូវបានគេស្គាល់ថាជា Xiaohongshu នៅក្នុងប្រទេសចិន។ តួរលេខអ្នកប្រើប្រាស់កើនឡើងខ្លាំងបែបនេះ គឺមានប្រភពចេញមកពីអ្នកប្រើប្រាស់ TikTok សហរដ្ឋអាមេរិក ស្របពេលមានការភ័យខ្លាចនៃការហាមឃាត់ TikTok កាន់តែខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
យោងតាមការប៉ានស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យកម្មវិធី Sensor Tower បានឱ្យដឹងថា ការទាញយក RedNote របស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាង ២០០%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងសប្តាហ៍នេះ និង ១៩៤%កាលពីសប្តាហ៍មុន។ ជាក់ស្តែងតាមរយៈរបាយការណ៍ចុះផ្សាយពី CNBC ម្សិលមិញនេះ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កម្មវិធី RedNote ឈរនៅលេខរៀងទី១ នៅលើ App Store ជាកម្មវិធីដែលមានចំនួនអ្នកទាញយកច្រើនជាងគេបំផុត និងតាមពីក្រោយដោយកម្មវិធីចែករំលែករូបភាព Lemon8 របស់ TikTok ដែលគ្រប់គ្រងដោយ ByteDance មានចំនួនអ្នកទាញយកប្រហែល ៣.៤លាននាក់នៅក្នុងខែធ្នូ ដែលតំណាងឱ្យការកើនឡើង ១៩០%។
យ៉ាងណាមិញ អ្វីដែលអ្នកប្រើប្រាស់ទូទាំងអាមេរិកមានកង្វល់ថាកម្មវិធីនេះ គាំទ្រតែភាសាចិននោះ ឥឡូវនេះត្រូវបានដោះស្រាយហើយ ដោយរបាយការណ៍បានគូសបញ្ជាក់ថា RedNote កំពុងធ្វើបច្ចុប្បន្នភាពជាភាសាអង់គ្លេសផងដែរ។
គួរជម្រាបថា ជោគវាសនា TikTok នៅសហរដ្ឋអាមេរិកត្រូវបានកំណត់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ថាតើ TikTok ត្រូវលក់ ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិកដោយហេតុផលសន្តិសុខជាតិ ខណៈមានរបាយការណ៍ចុះផ្សាយថា មន្ត្រីចិនកំពុងស្ថិតក្នុងការពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយដើម្បីលក់ប្រតិបត្តិការទៅឱ្យកំពូលមហាសេដ្ឋីលោក Elon Musk។ ជាងនេះទៅទៀត គេរំពឹងថាចំនួនអ្នកប្រើប្រាស់ TikTok នឹងបន្តចាកចេញច្រើនទៀតទៅចូលរួមជាមួយ RedNote ដោយមុនពេលនេះ TikTok ត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់៕