(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់លក្ខណៈសប្បុរសធម៌ថ្មីមួយទៀត ដែលត្រូវធ្វើដំណើរលើចម្ងាយផ្លូវ ២៩២គីឡូម៉ែត្រ ពីភ្នំពេញ ទៅខេត្តបាត់ដំបង ដើម្បីកៀគរថវិកា និងសម្ភារៈជួយដល់អង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា (HOPE) ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗនេះ បានបញ្ជាក់ថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា «ជិះកង់ផ្តល់នូវសេចក្តីស្រឡាញ់ដល់កុមារកម្ពុជា» នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយត្រូវជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា នៅខេត្តបាត់ដំបង លើចម្ងាយផ្លូវ ២៩២គីឡូម៉ែត្រ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ «កម្មវិធីនេះ យើងធ្វើឡើង ដើម្បីកៀគរថវិកា និងសម្ភារ មានប៊ិចសៀវភៅ និងកាបូប ជាដើម យកទៅជូនអង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា ។ សម្រាប់អ្នកចុះចូលរួម ត្រូវបង់ថវិកា ២៥ដុល្លារ ដោយថវិកាមួយចំនួន យើងយកមកចំណាយលើអាហារ និងភេសជ្ជៈ សម្រាប់អ្នកជិះពីភ្នំពេញ ទៅបាត់ដំបង ហើយអ្នកចូលរួមទាំងអស់ នឹងទទួលបានឯកសណ្ឋាន មេដាយ និងលិខិតថ្លែងអំណរគុណជាដើម ។ ចំពោះថវិកាសល់ទាំងអស់ យើងនឹងជួយដល់មូលនិធិរបស់អង្គការ HOPE»

លោកបន្ដថា នេះជាឆ្នាំដំបូង ដែលសហព័ន្ធបានរៀបចំកម្មវិធីសប្បុរសធម៌ ឆ្ពោះទៅខេត្តបាត់ដំបង តែកាលពីឆ្នាំមុន សហព័ន្ធក៏ធ្លាប់បានរៀបចំកម្មវិធីជិះកង់ពីភ្នំពេញ ទៅមន្ទីរពេទ្យកុមារអង្គ ខេត្តសៀមរាប ហើយគ្រោងនឹងបន្ដរៀបចំជាថ្មី នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ខាងមុខផងដែរ ។

ដូច្នេះតាមរយៈកម្មវិធីទាំងអស់នេះ លោកសង្ឃឹមថា នឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកជួយដល់ការងារសង្គម បន្ថែមលើសកម្មភាពប្រកួតប្រជែងកម្រិតខ្ពស់ប្រចាំឆ្នាំ ។
ក្រៅពីចូលរួមដោយផ្ទាល់ សម្រាប់សប្បុរសធម៌ មិនបានចូលរួមជិះកង់ ក៏អាចចូលរួមបរិច្ចាគជាថវិកា ឬសម្ភារៈ សម្រាប់ជួយដល់កុមារកម្ពុជា តាមរយៈអង្គការខាងលើផងដែរ ។

សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា ឆ្ពោះទៅខេត្តបាត់ដំបង នឹងបញ្ចប់ត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈក្នុងនាមសហព័ន្ធ លោក នូ ចំរើន រំពឹងនឹងទទួលបានកីឡាករ-កីឡាការិនីចូលរួមចន្លោះពី ២៥០ ទៅ ៣០០នាក់ ៕