(ភ្នំពេញ)៖ តាមជំនឿរបស់បងប្អូនជាប់សែស្រឡាយចិន ពួកគេជឿថា ពិធីបើកភ្នែកម៉ុងសាយ ត្រូវប្រារព្ធពិធីតាមជំនឿ រៀងរាល់១ឆ្នាំម្ដង ដើម្បីអញ្ជើញអ្នកតាមកសណ្ឋិត ឱ្យម៉ុងសាយមានរិទ្ធដេញឧបទ្រុបចង្រៃ។

ជាក់ស្តែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សូវ ប៊ុនទ្រី ប្រធានសមាគមក្រុមម៉ុងសាយកត្តញ្ញូ បានរៀបចំពិធីអញ្ជើញអ្នកតា ដោយមានទាំងឡកម៉ុងសាយ អុងដៀវអ្នកតាទ្រព្យទាំង៣ ក្រុមនាគតូច នាគធំ មកជួបជុំគ្នា ដើម្បីបង្ហាត់ពីក្បួនខ្នាតនៃការសម្តែង ឱ្យបានត្រឹមត្រូវ។

លោក សូវ ប៊ុនទ្រី ប្រធានសមាគមក្រុមម៉ុងសាយកត្តញ្ញូ បានលើកឡើងអំពីការរៀបចំពិធី បើកភ្នែកម៉ុងសាយ និងប្រាប់លម្អិតអំពីការហ្វឹកហាត់សម្ដែងម៉ុងសាយ របស់សមាជិកក្រុម ដែលមានគ្នារហូតដល់ទៅជា១០០នាក់ ដើម្បីត្រៀមចេញទៅសម្ដែងគ្រប់ទិសទី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។

លោក សូវ ប៊ុនទ្រី បានលើកឡើងថា ជាទូទៅមុនចូលឆ្នាំចិន គឺខាងសមាគម និងធ្វើពិធីបើកភ្នែកម៉ុងសាយ ដើម្បីអញ្ជើញអ្នកតាមកសណ្ឋិត ឱ្យម៉ុងសាយមានរិទ្ធ ដេញឧបទ្រុបចង្រៃ។ សម្រាប់ឆ្នាំនេះ ខាងសមាគម ក៏បានត្រៀមរៀបចំម៉ុងសាយ អបអរសាទនៅសមាគមខ្មែរ-ចិន និងព្រះបរមរាជវាំងផងដែរ។

ជាមួយគ្នានេះ លោក សូវ ប៊ុនទ្រី បានឲ្យដឹងថា សម្រាប់ការជ្រើសរើសកូនសិស្ស ដែលមកវឹកហាត់នៅសមាគមរបស់លោក គឺមិនត្រូវបានចំណាយប្រាក់កាក់នោះទេ ប៉ុន្តែលោកផ្ដោតសំខាន់ទៅលើភាពអត់ធ្មត់ និងតស៊ូព្យាយាម ក្នុងការហ្វឹកហាត់។

លោក សូវ ប៊ុនទ្រី បានឲ្យដឹងទៀតថា គោលបំណង នៃការមកហាត់ហ្វឹកហាត់របស់ក្រុមម៉ុងសាយ ដែលមានសមាជិកកើនឡើងរាល់ឆ្នាំនោះ ក៏ដោយសារតែពួកគេ មានចិត្តស្រលាញ់ និងចង់លើកស្ទួយវិស័យមួយនេះ តាមរយៈសមាគមកតញ្ញូរបស់លោក។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិសម្រាប់ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលជាពិធីបុណ្យដ៏សំខាន់បំផុតរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិនថ្មីរបស់ប្រទេសចិន ឬគេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក៕