(បរទេស)៖ កីឡាករស្នូកឃ័រ Mark Allen បានដើរតាមគន្លងជើងខ្លាំងលំដាប់លេខ១ ពិភពលោក Judd Trump ក្នុងការឈានទៅវគ្គ ១/៤ ជាបន្តទៀតនៃកម្មវិធី Masters 2025 ក្រោយពេលទម្លាក់គូប្រជែងរៀងៗខ្លួនរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករអន្តរជាតិអៀរឡង់ខាងជើង ជំនាញដៃឆ្វេងរូបនេះ បានយកឈ្នះគូប្រជែងចិន Ji Jiahui នៅឯទីលាន Alexandra Palace ដោយលទ្ធផល ៦-២ នៅរាត្រីថ្ងៃអង្គារយប់មិញជាមួយនឹងពិន្ទុ ១១១ ៧០ ៩៤ និង ៨០ពិន្ទុ ដើម្បីឡើងទៅជួប Mark Selby នារាត្រីថ្ងៃព្រហស្បតិ៍ស្អែកនេះ។
នៅថ្ងៃអង្គារនោះដែរ Trump ក៏បានទម្លាក់កីឡាករអង់គ្លេសដូចគ្នា Barry Hawkins ជាមួយនឹងជ័យជម្នះ ៦-១ ដែលជាគូប្រជែងចាស់ដ្បិតរូបគេបានយកឈ្នះវគ្គផ្តាច់ព្រ័ត្រ UK Championship កាលខែធ្នូ ឆ្នាំ២០២៤។
កីឡាករវ័យ ៣៥ឆ្នាំ Trump បានបើកការនាំមុខ ៥-០ ជាមួយនឹងពិន្ទុតែ ៥៩ ៦០ ៥៦ ១១២ និង ៧០ ក្នុងនាមអតីតជើងឯកពានកម្រិត Masters ២សម័យកាលផងនោះ ត្រូវឡើងទៅប៉ះ Ding Junhui របស់ចិនជាបន្តទៀតនៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ៕