(ភ្នំពេញ)៖ បន្ថែមពីលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) កាលពីឆ្នាំ២០២៤ លើការឧបត្ថម្ភជាថវិកា ១.៤លានដុល្លាររយៈពេល ៥ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត ) ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សង្គម ជាពិសេសមូលធនមនុស្សនៅកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនធំជាងគេបង្អស់មួយនៅក្នុងស្រុក ដែលមានកេរ្តិ៍ឈ្មោះ និងគ្រឹះដ៏រឹងមាំជាង ៤០ឆ្នាំ វិនិយោគគ្របដណ្តប់វិស័យធំៗនៅកម្ពុជា រហូតបង្កើតបានពាណិជ្ជកម្ម ១៣នៅក្នុងប្រទេសកម្ពុជា។ កន្លងមកក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមាន វិស័យសុខាភិបាល អប់រំ, បរិស្ថាន, ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។
វិស័យចម្បងមួយដែល ជីប ម៉ុង ផ្តោតសំខាន់ គឺវិស័យអប់រំ។ ជាក់ស្ដែងនៅពេលនេះក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយ អ.ម.ត ស្ដីពីការរៀបចំបង្កើត និងទទួលកម្មវិធីទសន្សកិច្ចសិក្សា ១ដង ក្នុង១ឆ្នាំ និងកម្មសិក្សាសម្រាប់និស្សិតប្រមាណ ១០០នាក់ ក្នុង១ឆ្នាំ សម្រាប់សមាគម អ.ម.ត ដើម្បីអាចឱ្យនិស្សិតទទួលបានឱកាស ទៅទសន្សកិច្ចសិក្សាទៅលើវិស័យពាក់ព័ន្ធ នៅក្នុងពាណិជ្ជកម្មទាំងអស់របស់ ក្រុមហ៊ុន ជីប ម៉ុង អំឡុងឆ្នាំ២០២៥ ដល់២០២៦។
បន្ថែមពីនេះទៀត ជីប ម៉ុង នឹងផ្តល់កិច្ចសហការរៀបចំជាសិក្ខាសាលាមួយ និងវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសមាគម អ.ម.ត សម្រាប់ជាអត្ថប្រយោជន៍ដល់និស្សិតដោយអញ្ជើញវាគ្មិន ឬអ្នកជំនាញ ឬគ្រូឧទ្ទេស ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធលើប្រធានបទដែលពាក់ព័ន្ធ។
សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ បានការចូលរួមក្រោមវត្តលោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃអង្គារ ១៤ ខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងនៅរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕