(បរទេស)៖ ប្រភពពីសារព័ត៌មាន The Information បានរាយការណ៍មកថា TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក ចំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលការហាមប្រាមរបស់សហព័ន្ធចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

គួរជម្រាបថា TikTok អាចបើកដំណើការឡើងវិញ ឬអត់ លុះត្រាតែតុលាការកំពូលសហរដ្ឋអាមេរិកអន្តរាគមន៍ទប់ស្កាត់ការហាមឃាត់របស់សហព័ន្ធ ដែលកំណត់ឱ្យក្រុមហ៊ុនមេចិនរបស់​ TikTok គឺ ByteDace ដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬត្រូវលក់កម្មវិធីនេះ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក នឹងមិនអាចចូលប្រើប្រាស់ TikTok នៅថ្ងៃអាទិត្រខាងមុខបានទេ ហើយប្រសិនបើមិនអាចរក្សាវត្តមាននោះ TikTok នឹងលែងមានសម្រាប់ការទាញយកថ្មីនៅលើទឹកដីអាមេរិកទៀតហើយ សូម្បីតែអ្នកប្រើប្រាស់ដែលមានស្រាប់ ឬអ្នកប្រើប្រាស់ចាស់ៗ ក៏លែងអាចចូលប្រើកម្មវិធីនេះបានផងដែរ៕