(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងទី១៧ បុរីវិមានភ្នំពេញ ផាឡេស ដែលជាគម្រោងសាងសង់ផ្ទះវីឡាកម្រិតអភិជន នៅតាមបណ្តោយផ្លូវ ជាសុផារ៉ា (៥៩៨)។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ នូវគម្រោងទី១៧ បុរីវិមានភ្នំពេញ ផាឡេស នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តវិនិយោគសាងសង់គម្រោងផ្ទះវីឡាកម្រិតអភិជន នៅដើមឆ្នាំ២០២៥នេះ គឺស្របពេលដែលស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមវិលមករកភាពល្អប្រសើរវិញជាបណ្តើរៗ។
លោកអ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា គម្រោងបុរីវិមានភ្នំពេញ ផាឡេស គឺជាគម្រោងដែលមានលក្ខណៈពិសេសជាងគម្រោងមុនៗ ដោយក្នុងគម្រោងទី១៧នេះសាងសង់តែ១៧ផ្ទះប៉ុណ្ណោះ ដែលជាប្រភេទផ្ទះវីឡា បែបប្រណិតលំដាប់អភិជន ផ្តល់នូវសវត្ថិភាពខ្ពស់ដល់អ្នករស់នៅ និងមានតម្លៃចាប់ពី៣លានដុល្លារឡើងទៅ។
លោកអ្នកឧកញ៉ា លី ហួរ បន្ថែមថា «គម្រោងនេះគឺពិសេសតែម្តង ដោយសារគម្រោងនេះមិនមានបើកផ្លូវឱ្យចរាចរណ៍ឆ្លងកាត់នោះទេ អ្នកដែលចង់ចូលទៅក្នុងបុរីនេះ ទាល់តែមានណាត់ម្ចាស់ផ្ទះទើបអាចចូលបាន។ សម្រាប់ផ្ទះនីមួយៗមានប្រព័ន្ធទូរសព្ទពីខ្លោងទ្វារគម្រោងភ្ជាប់ទៅកាន់ផ្ទះនីមួយៗ។ ឧបមារថា មានភ្ញៀវគេចង់មកជួបនរណាម្នាក់សន្តិសុខត្រូវសួរសិនថាមានណាត់ ឬក៏អត់? បើសិនជាបានណាត់មុន ទើបអនុញ្ញាតអោយចូលបាន។លក្ខណៈពិសេសទី២ គឺប្រព័ន្ធ កាមេរ៉ាគ្រប់កន្លែងទាំងអស់ ដែលមានសុវត្ថិភាពសម្រាប់អ្នករស់នៅក្នុងនេះ»។
គម្រោងទី១៧ បុរីវិមានភ្នំពេញ ផាឡេស មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ជិតស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទន្ទឹមនឹងប្រកាសលក់គម្រោងផ្ទះវីឡាកម្រិតអភិជននៅដើមឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន វិស័យសំណង់នៅកម្ពុជានៅឆ្នាំ២០២៥នេះ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗហើយ ខណៈតម្លៃកម្លាំងពលកម្មក្នុងវិស័យសំណង់ក៏មានការកើនឡើងផងដែរ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង១០ឆ្នាំហើយ ដែលបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព មានដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់គម្រោងបុរី វិមានភ្នំពេញ សូមទាក់ទងមកលេខ 085/093 75 6666 ៕