(បរទេស)៖ ថ្មីៗនេះ នាយកប្រតិបត្តិ (CEO) លោក Neal Mohan បានប្រកាសនៅក្នុងការបង្ហោះប្លុកថា Google និង YouTube នឹងបរិច្ចាគថវិកាចំនួន ១៥ពាន់លានដុល្លារ ដើម្បីគាំទ្រសហគមន៍ Los Angeles និង អ្នកបង្កើតមាតិកាដែលបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ។ មូលនិធិនេះ នឹងត្រូវបានបែងចែកទៅឱ្យអង្គការសង្គ្រោះក្នុងស្រុកនានា រួមទាំងកាកបាទក្រហមអាមេរិក បណ្តាញសង្គ្រោះបន្ទាន់ទីក្រុង Los Angeles មជ្ឈមណ្ឌលសម្រាប់ជំនួយគ្រោះមហន្តរាយ និងវិទ្យាស្ថានសម្រាប់ព័ត៌មានមិនស្វែងរកប្រាក់ចំណេញ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
មិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុណ្ណោះទេ នៅពេលដែលការិយាល័យ LA របស់ YouTube អាចបើកដំណើរការឡើងវិញដោយសុវត្ថិភាព ក្រុមហ៊ុនយក្សនេះមានបំណងផ្តល់ជូនអ្នកផលិតមាតិទាំងអស់ដែលរងផលប៉ះពាល់ អាចចូលប្រើប្រាស់កន្លែងផលិតវីដេអូរបស់ខ្លួន «ដើម្បីស្តារ និងកសាងអាជីវកម្មរបស់ពួកគេឡើងវិញ» ក៏ដូចជាចូលប្រើប្រាស់ community events បានផងដែរ។ ការប្រកាសនេះ កើតឡើងប៉ុន្មានថ្ងៃមុនការហាមឃាត់នៅលើ TikTok ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្រខាងមុខ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ខណៈដែលអ្នកបង្កើតមាតិកា (ឬ Content Creator) ជាច្រើនត្រូវបានគេរាយកាណ៍ថា កំពុងស្នើសុំ Follower របស់ពួកគេឱ្យជួយ follow នៅបណ្តាញសង្គមផ្សេងទៀតដូចជា YouTube Shorts ដែលជាវេទិកាវីដេអូទម្រង់ខ្លីនៅក្នុង YouTube, Instagram Reels របស់ Meta និងកម្មវិធី RedNote របស់ចិនដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ដោយកម្មវិធីទាំងអស់នេះសុទ្ធតែជាដៃគូប្រគួតប្រជែងជាមួយ TikTok។
ទន្ទឹមនឹងនេះលោក Mohan បានសរសេរថា «នៅក្នុងពេលវេលាបែបនេះ យើងឃើញអំណាចនៃសហគមន៍រួមគ្នាដើម្បីគាំទ្រគ្នាទៅវិញទៅមក--ហើយភាពរឹងមាំ និងភាពធន់នៃសហគមន៍ YouTube មិនដូចអ្វីផ្សេងទៀតទេ»។
គួរជម្រាបថា ក្រុមហ៊ុនផ្សេងទៀតនៅក្នុងវិស័យកម្សាន្ត រួមទាំងក្រុមហ៊ុន Meta, Netflix និង Comcast ក៏បានប្រកាសបរិច្ចាគយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះភ្លើងឆេះព្រៃនេះផងដែល ដោយ Meta និងបរិច្ចាគ ៤លានដុល្លារ ខណៈ Netflix និង Comcast និងបរិច្ចាគ ១០លានដុល្លារ។ ទាំងនេះ គឺបង្ហាញពីការឆ្លើយតបរួមគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ៕