(ឡុងដ៍)៖ កីឡាករប្រដាល់សកល Chris Eubank Jr នឹងពើបប្រទះជាមួយ Conor Benn ជាលើកដំបូង ក្រោយចរចាគ្នាជាយូរមកហើយ។ នេះបើយោងតាមអ្នករៀបចំកម្មវិធីប្រដាល់ លោក Turki Alalshikh។
តាមរយៈការដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឱ្យដឹងថា ការប្រកួតនេះដែរទំនងធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយអាចយកកីឡដ្ឋានបាល់ទាត់របស់ក្លិប Tottenham Hotspur ដែលជាទីកន្លែងស័ក្តិសមបំផុតសម្រាប់កីឡាករកន្លងមក។
មែនទែនទៅជំនួបរវាងជើងខ្លាំងទាំងពីរ ធ្លាប់ត្រូវបានរៀបចំឡើងនៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានលុបចោលវិញ ដែលមានរយៈពេល ២៩ឆ្នាំផងដែរ គិតចាប់តាំងពីឪពុករបស់ពួកគេប៉ះគ្នាជាលើកទី២។
នេះក៏ជាលើកដំបូងផងដែររបស់ Benn ដែលបានប្រកួតនៅអង់គ្លេសវិញ គិតចាប់តាំងពីឆ្នាំ២០២២ ដោយសារតែជាប់បម្រាម ក៏ប៉ុន្តែបានប្រកួត ២លើកនៅទឹកដីសហរដ្ឋអាមេរិក។ រូបគេកំពុងកាន់កាប់កំណត់ត្រាវ៉ៃឈ្នះ ២៣លើក ក្នុងនោះដែរធ្លាប់ផ្តួលដៃគូសន្លប់បាន ១៤លើក គ្រាដែលគូប្រជែង Eubank វិញប្រកួតឈ្នះ ៣៤លើក មិនដែលស្មើ និងចាញ់ ៣លើក និងធ្លាប់ផ្តួលដៃគូសន្លប់បាន ២៥ដង៕