(ឡុងដ៏)៖ លោក Eddie Hearn ដែលជាអ្នកផ្គូរផ្គងរៀបចំការប្រកួត បានលើកឡើងថា អ្នកប្រដាល់ Chris Eubank Jr នឹងមានប្រៀបជាងកីឡាករ Conor Benn ដោយសារតែការប្រកួតនេះត្រូវបានធ្វើឡើងក្នុងកម្រិតទម្ងន់មធ្យម (Middleweight) ដ្បិតការប្រកួតគ្រោងធ្វើឡើងនៅខែមេសាខាងមុននេះ ។

សូមជម្រាបផងថា កីឡាករប្រដាល់សកលទាំងពីរ ក៏ធ្លាប់ត្រូវបានផ្គូរឱ្យប៉ះគ្នាកាលពីខែតុលា ឆ្នាំ២០២២ ក៏ប៉ុន្តែកម្មវិធីប្រកួតនេះត្រូវបានសម្រេចលុបចចោលវិញ ខណៈការប្រកួតជាថ្មីនេះ មានរយៈពេល ២៩ឆ្នាំមកហើយ គិតចាប់តាំងពីឪពុករបស់ពួកគេទាំងពីប៉ះគ្នាជាលើកទី២ ។

នេះក៏ជាលើកដំបូងផងដែររបស់ Benn ដែលបានប្រកួតនៅអង់គ្លេសវិញ គិតចាប់តាំងពីឆ្នាំ២០២២ ដោយសារតែជាប់បម្រាម ក៏ប៉ុន្តែបានប្រកួត ២លើកនៅទឹកដីសហរដ្ឋអាមេរិក។ រូបគេកំពុងកាន់កាប់កំណត់ត្រាវ៉ៃឈ្នះ ២៣លើក ក្នុងនោះដែរធ្លាប់ផ្តួលដៃគូសន្លប់បាន ១៤លើក ដែលរូបគេជាធម្មតាអាចវ៉ៃបានស្ថិតក្នុងកម្រិតទម្ងន់ចន្លោះពី ៦៣.៥ ទៅ ៦៧គីឡូក្រាម ក្នុងកម្រិត (Welterweight) ។

សម្រាប់ Eubank ធ្លាប់ប្រកួតឈ្នះ ៣៤លើក មិនដែលស្មើ និងចាញ់ ៣លើក និងធ្លាប់ផ្តួលដៃគូសន្លប់បាន ២៥ដង នឹងទើបឈ្នះខ្សែក្រវ៉ាត់កម្រិត IBO Middleweight title ដែលរូបគេអាចវាយក្នុងចន្លោះទម្ងន់ ៧៣គីឡូក្រាម ។

ជាមួយការទន្ទឹងរង់ចាំជាយូរនេះដែរ ការប្រកួតរវាងកីឡាករទាំងពីរ គ្រោងនឹងអាចធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយអាចយកកីឡដ្ឋានបាល់ទាត់របស់ក្លិប Tottenham Hotspur ជាទីកន្លែងស័ក្តិសមបំផុតសម្រាប់រៀបចំសង្វៀនប្រកួត ៕