(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកវិស័យកីឡា មានតួនាទីយ៉ាងសំខាន់ ក្នុងចលករជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព នាពេលបច្ចុប្បន្ន។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ ក៏ដូចជាការខិតខំរៀបចំក្រុមដើម្បីចូលរួមប្រកួត ក្នុងស្មារតីលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាបង្កើន និងពង្រឹងទំនាក់ទំនងល្អ រវាងកីឡាករ និងក្រុម ដែលជាតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ នេះ។
លោកអភិសន្ដិបណ្ឌិត ស សុខា បន្ដថា «វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ការចូលរួមប្រកួតកីឡា បានបង្កើតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ឲ្យកាន់តែស្និទ្ធស្នាល រវាងកីឡាករ កីឡាការិនី ក៏ដូចជារវាងអង្គភាពនានា ចំណុះឲ្យក្រសួងមហាផ្ទៃ»។
លើសពីនេះ កីឡា ក៏បានចូលរួមចំណែកកាត់បន្ថយនូវភាពតានតឹងតឹងផ្លូវចិត្ដ បញ្ជៀសនូវការប្រព្រឹត្តអំពើអបាយមុខ និងអំពើខុសច្បាប់នានាក្នុងសង្គម រួមមានជាអាទិ៍៖ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារជាដើម...។ ផ្ទុយទៅវិញ កីឡាបាននាំមកនូវកាយសម្បទារឹងមាំ សុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ដ ដែលប្រជាពលរដ្ឋចង់បាន និងចង់ឃើញនៅក្នុងសង្គមជាតិរបស់ខ្លួន ស្របតាមការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើកស្ទួយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានផ្ដាំផ្ញើដល់កីឡាករ និងក្រុមចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើទាំងអស់ ទោះបីការប្រកួតតែងមានឈ្នះ និងចាញ់ តែប្រការសំខាន់ គឺត្រូវបន្ដរក្សាឲ្យបាននូវការប្រកួតប្របដោយស្មារតីយោគយល់អធ្យាស្រ័យគ្នា ដោយឈរលើគោលការណ៍ Fair-Play សាមគ្គីភាព គោរពវិន័យ និងការអនុវត្តតាមបទបញ្ជាការប្រកួត ក្នុងគោលដៅពង្រឹងទំនាក់ទំនងល្អ រវាងក្រុមមួយទៅក្រុមួយ រវាងវិស័យមួយទៅវិស័យមួយ ឲ្យទទួលបាននូវការរាប់អាន និងការទំនាក់ទំនងថ្មីៗបន្ថែមទៀត។
លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម និងបែងចែកជា ៤ពូល សម្រាប់ធ្វើការប្រកួតជម្រុះ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) វិញ៕