(សៀមរាប)៖ អត្តពលិកប្រមាណជិត ២ពាន់នាក់ បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ។ បើយោងតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

អគ្គលេខាធិការ NOCC ខាងលើ បានបញ្ជាក់ថា យោងតាមព័ត៌មានបឋមចុងក្រោយ គឺមានអត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ហើយប្រទេសមានអត្តពលិកចូលរួមច្រើនជាងគេ មានបារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ដែលភាគច្រើន ពួកគេបានធ្វើដំណើរមកដល់ខេត្តសៀមរាប ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃមុនព្រឹត្តិការណ៍ចាប់ផ្ដើម ។

លោកបន្ដទៀតថា «ការចុះឈ្មោះរបស់អត្តពលិកជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail ឆ្នាំនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ។ រីឯដំណើរការរៀបចំ ក៏ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាការជួយសម្របសម្រួលពីអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជាដើម ដែលជំរុញឲ្យ NOCC និងភាគីបារាំង (ក្រុមហ៊ុន Phoenix Voyages) ដំណើរការរៀបចំនេះបានល្អប្រសើរ»

លោកបន្ថែមថា «ឥលូវនេះ អ្នកចុះឈ្មោះបានមកដល់ខេត្តសៀមរាប អ្នកខ្លះមកមុន ២ ឬ ៣ថ្ងៃ ពិសេសម្រាប់អ្នកចូលរួមរត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ ដើម្បីត្រៀមលក្ខណៈ និងហ្វឹកហាត់មុន ។ ការមកយូរ និងស្នាក់នៅយូរបែបនេះ គឺជាអ្វីដែលយើងចង់បាន ដែលផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ទេសចរណ៍ សេដ្ឋកិច្ច និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ។ ជាទូរទៅព្រឹត្តិការណ៍នេះ ជាចំណែកមួយដ៏សំខាន់ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យ NOCC រៀបចំនេះឡើង»

ក្រឡេកទៅចាប់អារម្មណ៍ តួរលេខអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra-Trail ខាងលើនេះដែរ បើធៀបនឹងក្ដីរំពឹង ដែលបានដាក់ចេញដោយលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្មីៗ គឺបានកើនឡើងលើសពីការរំពឹងទុក ដ្បិតការរៀបចំឆ្នាំនេះ សង្ឃឹមមានអ្នកចូលរួមប្រមាណ ១,៧០០នាក់ប៉ុណ្ណោះ ខណៈអ្នកចុះឈ្មោះពេលនេះ មានជាង ១,៨០០នាក់ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺអ្នកចូលរួមឆ្នាំនេះ ភាគច្រើនជាអ្នកមកចូលរួមថ្មី ដែលនឹងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះកាន់តែទូលំទូលាយបន្ថែមទៀត ។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះអត្តពលិករត់ចម្ងាយឆ្ងាយកម្ពុជា ដែលមានកំណើនចូលរួមយ៉ាងច្រើនផងដែរ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានទាំងបុរស និងនារី ។ ចំពោះវិញ្ញាសារត់ប្រណាំងឆ្លងកាត់ឧបសគ្គខាងលើ ក្រៅពីរត់ ១០០គីឡូម៉ែត្រ គឺមាន ៥វិញ្ញាសាទៀត សម្រាប់អ្នកនិយមរត់បែបផ្សងព្រេងចូលរួម រួមមានវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រជាដើម ៕