(ភ្នំពេញ)៖ ក្លិបកីឡាបាល់ទាត់បឹងកេត បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានជួបបញ្ហារបស់សរសៃជង្គង់ជើងខាងឆ្វេង ក្រោយពីធ្វើការតេស្តស្គែន MRI ដែលរបួសនេះកើតឡើងនៅក្នុងជំនួបយកឈ្នះក្រុមខេត្តកំពង់ចាម ៨-១ កាលពីថ្ងៃពុធ ។ នេះបើតាមក្លិបកីឡាបាល់ទាត់បឹងកេត បានចេញដឹងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
ក្លិបបានឱ្យដឹងដូច្នេះថា ក្លិបកីឡាបាល់ទាត់បឹងកេត ពិតជាសោកស្ដាយបន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់ វឌ្ឍនាកា បានដាច់ ហើយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥ ។
សូមជម្រាបផងថា នៅមុនពេលជួបបញ្ហារបួសនេះ កីឡាករ ចាន់ វឌ្ឍនាកា ក៏បានរួមចំណែករកបាន ១គ្រាប់ផងដែរ នៅគ្រាប់បាល់ទី២ ក្នុងជ័យជម្នះលើក្រុមកំពង់ចាម ៨-១ នៃវគ្គ ១/៨ ផ្តាច់ព្រ័ត្រ(ថ្នាក់ជាតិ) លើកទី១៨ រដូវកាល២០២៤-២៥ ខណៈក្លិបមិនបានបង្ហាញនៅពេលវេលាសម្រាកព្យាបាលនោះទេ ដ្បិតកាលឆ្នាំ២០២២ រូបគេក៏ធ្លាប់ជួបបញ្ហារបួសបែបនេះផងដែរ នៅជង្គង់ខាងស្តាំ ៕