(បរទេស)៖ ប្រភពទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote ដែលស្គាល់នៅក្នុងប្រទេសចិនថា Xiaohongshu ឥឡូវនេះទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងនេះ គឺដោយសារតែអ្នកប្រើប្រាស់សម្រុកចាកចេញពី TikTok ចំពេលមានការភ័យខ្លាចនៃការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

យោងតាមក្រុមហ៊ុនវិភាគ Similarweb អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់កម្មវិធីភាសាចិន RedNote នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣.៤លាននាក់នៅទូទាំងឧបករណ៍ iOS និង​ Android និងកើនឡើងពីចំនួន ៧០ម៉ឺននាក់នៅថ្ងៃចន្ទ និង ៣០ម៉ឺននាក់កាលពីសប្តាហ៍មុន។ ការហូរចូល នៃអ្នកប្រើប្រាស់ត្រូវបានជំរុញដោយការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅលើ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ លើបញ្ហាសន្តិសុខជាតិ។ ទិន្នន័យនេះ បង្ហាញពីការកើនឡើងកាន់តែច្រើនទៅៗ ខណៈចំនួនទាញយកដ៏ច្រើនសន្ធឹកនៃកម្មវិធី RedNote បានឈរលើលំដាប់កំពូល នៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។

គួរជម្រាបថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើកម្មវិធី Lemon8 របស់ TikTok ក៏បានកើនឡើងខ្លាំងផងដែលចំនួន ១.៧លាននាក់នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមុនការហាមឃាត់ ដោយធ្លាក់ចុះ ២.១% ក្នុងមួយសប្តាហ៍មកនៅប្រហែល ៨២.២ លាននាក់សម្រាប់អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ៕