(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធជួរមុខសញ្ជាតិន័រវេស Erling Haaland បានព្រមព្រៀងបន្តកិច្ចសន្យារយ:ពេលវែងជាមួយមេឃខៀវ Manchester City ពោលដល់ខែមិថុនា ឆ្នាំ២០៣៤ ខាងមុខ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា Haaland បានឈ្នះពាន Premier League ២លើក, FA Cup និងពានអឺរុប UEFA Champions League ជាមួយ City ក្រោយផ្ទេរចេញក្លិបអាល្លឺម៉ង់ Borussia Dortmund កាលឆ្នាំ២០២២ ដោយស៊ុតបាន ១១១គ្រាប់ ពីការចូលលេងសរុបចំនួន ១២៦ប្រកួត។

មែនទែនទៅកិច្ចសន្យាចាស់របស់ Haaland នឹងផុតកំណត់នៅឆ្នាំ២០២៧ មុនពេលបន្ថែមកិច្ចសន្យាថ្មីនៅ Etihad រហូតដល់លោកមានអាយុ ៣៤ឆ្នាំទើបចប់។

កិច្ចសន្យាថ្មីដ៏វែងអន្លាយរបស់ Haaland គឺមានរយៈពេលវែងមួយនៅ Premier League បន្ទាប់ពី Cole Palmer បានបន្ថែមកិច្ចសន្យាថ្មី ៩ឆ្នាំជាមួយតោខៀវ Chelsea កាលខែសីហា ឆ្នាំ២០២៤៕