(បរទេស)៖ លោក Shou Zi Chew បច្ចុប្បន្នត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិ (CEO) របស់ TikTok និងអាចនិយាយបានថាជាគូប្រកួតប្រជែងមួយដ៏មានឥទ្ធិពលជាមួយលោក Mark Zuckerberg ខណៈដែលអតីតកាលលោក Shou Zi Chew គឺធ្លាប់ធ្វើជាក្មេងហាត់ការនៅ Facebook។
CEO ជនជាតិសិង្ហបុរីរូបនេះទទួលបានសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ University College London មុនពេលទទួលបាន MBA របស់គាត់នៅសាលា Harvard Business School។ គាត់បានប្រាប់គេហទំព័រមួយថា គាត់គឺធ្លាប់បានធ្វើការនៅក្រុមហ៊ុន Facebook ។
លោក Shou Zi Chew បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ក្រោយពេលគាត់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook គាត់បានផ្លាស់ប្ដូរកន្លែងរស់នៅពីទីក្រុងឡុងដ៍ សិង្ហបុរី និងហុងកុង មកកាន់ទីក្រុងប៉េកាំង ប្រទេសចិនវិញ។ អាជីពនៅក្នុងវិស័យបច្ចេកវិទ្យារបស់គាត់បានចាប់ផ្តើមរីកលូតលាស់ ដោយនៅឆ្នាំ២០១៥ គាត់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Xiaomi ហើយក្រោយមកលោកបានក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO)។
នៅឆ្នាំ២០២១ ជាឆ្នាំដែលគាត់បានចាប់ផ្តើមការងារកាន់តែធំនៅក្នុងវិស័យបច្ចេកវិទ្យា ហើយក៏ចាប់ផ្តើមក្លាយជាគូប្រកួតប្រជែងជាមួយនឹងលោក Mark Zuckerberg មេធំរបស់ Facebook ផងដែរ ដោយលោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ByteDance ក្នុងនាមជា CFO ប៉ុន្តែមិនដល់មួយឆ្នាំផង លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិ (CEO) របស់ TikTok។ នៅក្នុងអំឡុងពេលនោះលោកកាន់តំណែងពីរព្រមគ្នាគឺជា CFO នៅក្រុមហ៊ុន ByteDance និងជា CEO នៅ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ ByteDance ។
ជាមួយនឹងអ្នកប្រើប្រាស់ប្រមាណ ១ពាន់លាននាក់នៅជុំវិញពិភពលោក និងអ្នកប្រើប្រាស់រាប់លាននាក់នៅក្នុងសហរដ្ឋអាមេរិក TikTok បានក្លាយជាវេទិកាដ៏មានឥទ្ធិពល និងជាគួប្រជែងដ៏ធំរបស់ Facebook ហើយលោក Shou Zi Chew ក៏បានក្លាយជា CEO ដែលមានឥទ្ធិពលក្នុងចំណោម CEO របស់ Big Tech អាមេរិក ជាពិសេសគឺជាគួប្រជែងនឹងលោក Mark Zuckerberg ខណៈដែលជាង ១០ឆ្នាំមុន គឺជា មេ និងកូនចៅ៕