(ប្រុចសែល)៖ ក្រុមជម្រើសជាតិបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកបានសម្រេចបញ្ឈប់លោក Domenico Tedesco ពីគ្រូបង្វឹកបង្គោលរបស់ពួកគេហើយ បន្ទាប់ពីឈរជើងមិនបាន ២ឆ្នាំស្រួលបួលផង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា លោក Tedesco ដែលធ្លាប់ដឹកនាំក្លិបអាជីព RB Leipzig មុនពេលមកដឹកនាំប៊ែលហ្សិកនោះ មានស្ថិតិដឹកនាំអតីតក្រុមលេខ១ ពិភពលោកក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking រកបានជ័យជម្នះតែ ២លើកប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយ។
១ប្រកួតចុងក្រោយរបស់គ្រូបង្វឹកកូនកាត់អ៉ីតាលី-អាល្លឺម៉ង់រូបនេះ នៅពេលប៊ែលហ្សិកលេងឈ្នះអ៉ីស្រាអែល ១-០ នៅពានអឺរ៉ុប UEFA Nations League កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ចប់នៅលេខរៀងទី៣ ក្នុងពូលមិនអាចឡើងវគ្គបន្តបាន ដែលនាំឱ្យគ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះ រងសម្ពាធជាខ្លាំង។
នៅចាំបានថា លោក Tedesco ត្រូវបានតែងតាំងដឹកនាំប៊ែលហ្សិក នាអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជំនួសតំណែងលោក Roberto Martinez បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា តាមរយៈដឹកនាំ ១៣ប្រកួតដំបូងមិនចាញ់ឡើយ មុនពេលធ្វើពុំបានល្អឡើយនៅ Euro 2024៕