(សៀមរាប)៖ អត្តពលិកបទេស បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងនៅការទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់ការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ ឆ្នាំ២០២៥ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ដែលមានអត្តពលិកជាតិ-អន្ដរជាតិប្រមាណជិត ២ពាន់នាក់ មកពី ៥០ប្រទេសចូលរួម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ។
មុនចេញដំណើរនៅម៉ោង ៤ទៀបភ្លឺថ្ងៃសៅរ៍នេះ កីឡាការិនី Siyu LI ដែលរត់ចម្ងាយ ១០០គីឡូម៉ែត្រ បានឲ្យដឹងថា នេះជាលើកដំបូង ដែលខ្លួនបានចូលរួមព្រឹត្តិការណ៍នេះ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួនផង និងចង់ទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈព្រឹត្តិការណ៍រៀបចំនៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោកនេះផង ។
ទន្ទឹមជាមួយការចូលរួមនេះដែរ កីឡាការិនីជនជាតិចិនដដែល បានបង្ហាញការចាប់អារម្មណ៍យ៉ាងដូច្នេះថា «ការរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail នេះ ពិតជាអាស្ចារ្យមែនទែន ។ ខ្ញុំបានទទួលព័ត៌មានលម្អិតពីការរៀបចំបានយ៉ាងច្បាស់លាស់ ។ ការណ៍នេះ បានធ្វើឲ្យខ្ញុំគិតថា ការរៀបចំនេះ ពិតជាបានល្អ ហើយបានជំរុញឲ្យខ្ញុំមកចូលរួមរត់តែម្ដង ហើយខ្ញុំនឹងមកលេងកម្សាន្ដ និងចូលរួមរត់នាឱកាសក្រោយៗទៀត» ។
គួរដឹងថា ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ លើកទី៨ គឺមាន ៦វិញ្ញាសា និងចេញដំណើរនៅទីតាំងផ្សេងៗគ្នា ក្នុងនោះវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែទ្រ បានចេញដំណើរនៅទីលានជល់ដំរី, វិញ្ញាសារត់ ៤២គីឡូម៉ែត្រ ចេញដំណើរនៅស្ពានតាសៀវ, វិញ្ញាសារត់ ៣២គីឡូម៉ែត្រ ចេញដំណើរនៅភ្នំបូក, វិញ្ញាសារត់ ១៨គីឡូម៉ែត្រ ចេញដំណើរនៅប្រាសាទប្រែរូប និងរត់ ៨គីឡូម៉ែត្រ ចេញដំណើរនៅទីលានជល់ដំរី ។
តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ ដែលគាំទ្រ និងអនុញ្ញាតឲ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជានេះ សម្រាប់វិញ្ញាសារត់ចម្ងាយឆ្ងាយ លើទឹកដីដ៏ពិសិដ្ឋនៃប្រទេសកម្ពុជា សុទ្ធសឹងត្រូវបានរត់ តាមបណ្ដោយផ្លូវ កាត់តាមប្រាង្គប្រាសាទល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត ព្រមទាំងតំបន់បុរាណវិទ្យា ព្រៃភ្នំ វាលស្រែ និងភូមិបុរាណខ្មែរ នៃតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ពិសេសវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រតែម្ដង ៕