(បរទេស)៖ លេចលឺដំណឹងមកថា! មហាសេដ្ឋីជំនួញដូចជាលោក Elon Musk ប្រហែលជាត្រូវចំណាយលុយខ្ទង់ ៥០ពាន់លានដុល្លារដើម្បីទិញកម្មវិធី TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance សម្រេចចិត្តលក់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។
ដូចដែលប្រិយមត្តិបានជ្រាបរួចមកហើយថា TikTok កំពុងប្រឈមមុខនឹងការហាមប្រាមនៅសហរដ្ឋអាមេរិក ហើយប្រសិនបើតុលាការកំពូលសម្រេចតម្កល់ច្បាប់សន្តិសុខជាតិ ក្នុងនោះក្រុមហ៊ុនផ្តល់សេវាដូចជា Apple និង Google នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេហ៊ានអនុញ្ញាតឱ្យទាញយកកម្មវិធី បន្ទាប់ពីកាលបរិច្ឆទផុតកំណត់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ByteDance មិនបានបង្ហាញសញ្ញាថាខ្លួននឹងលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរដ្ឋាភិបាលចិនបានពិចារណាលើផែនការដែលថា នាយកប្រតិបត្តិ (CEO) របស់បណ្តាញសង្គម X លោក Elon Musk នឹងទិញយកប្រតិបត្តិការនេះ ដែលជាផ្នែកមួយនៃសេណារីយ៉ូជាច្រើនកំពុងស្ថិតក្នុងការពិចារណា។
តាមរយៈការវាយតម្លៃរបស់អនុប្រធានជាន់ខ្ពស់ CFRA Research (California Family Rights Act) លោក Angelo Zino បានប៉ាន់ស្មានថា ប្រសិនបើ ByteDance សម្រេចចិត្តលក់នោះវានឹងមានតម្លៃចន្លោះ ៤០ ទៅ ៥០ពាន់លានដុល្លារ។ ការវាយតម្លៃនេះ គឺផ្អែកលើការប៉ាន់ប្រមាណ មូលដ្ឋានអ្នកប្រើប្រាស់ និងប្រាក់ចំណូលរបស់ TikTok សហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងកម្មវិធីគូប្រជែងផ្សេងទៀត។ ទន្ទឹមនឹងនេះក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower បានចេញការប៉ានស្មានផងដែរថា TikTok មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រចាំខែប្រហែល ១១៥លាននាក់នៅក្នុងសហរដ្ឋអាមេរិក តិចជាងបើធៀបនឹង Instagram មានចំនួន ១៣១លាននាក់។ ប៉ុន្តែធ្វើឱ្យ TikTok នៅតែជាជើងខ្លាំងនាំមុខ Snapchat , Pinterest និង Reddit ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រចាំខែរបស់សហរដ្ឋអាមេរិកចំនួន ៩៦លាននាក់, ៧៤លាននាក់ និង ៣២លាននាក់រៀងគ្នា។
គួរជម្រាបថា ការប៉ាន់ប្រមាណរបស់លោក Zino ក្នុងរបាយការណ៍ចុងក្រោយនេះ គឺធ្លាក់ចុះបើធៀបនឹងរបាយការណ៍ក្នុងខែមីនា ឆ្នាំ២០២៤ ដែលមានតម្លៃ ៦០ពាន់លានដុល្លារ ជាពេលវេលាដែលសភាបានអនុម័តច្បាប់សន្តិសុខជាតិជាលើកដំបូងដោយអតីតប្រធានាធិបតីលោក Joe Biden។ ទាំងនេះ គឺដោយសារតែបញ្ហាភូមិសាស្រ្តនយោបាយបច្ចុប្បន្នរបស់ TikTok ខណៈដែល «ផលគុណឧស្សាហកម្មហាក់កើនឡើងតិចប៉ុណ្ណោះ»។ តែយ៉ាងណាការប៉ាន់ប្រមាណទាបពីលោក Zino នៅតែត្រូវបានគេមើលឃើញថា TikTok មានតម្លៃខ្លួនខ្ពស់ជាង បើធៀបនឹងអ្នកវិភាគនៅ Bloomberg Intelligence ដែលរំពឹងថា អាចលក់បានក្នុងតម្លៃខ្លួនចន្លោះពី ៣០ ទៅ ៣៥ពាន់លានដុល្លារប៉ុណ្ណោះ។
គូសបញ្ជាក់ថា តម្លៃខ្លូន TikTok ជិត ៥០ពាន់លានដុល្លារនេះសម្រាប់តែប្រតិបត្តិការនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឡែកតម្លៃក្រុមហ៊ុនទាំងមូលវិញ គឺអាចមានតម្លៃជាង ៣០០ពាន់លានដុល្លារឯណោះ៕