(ភ្នំពេញ)៖ ច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានចែងពីគោលការណ៍ជាច្រើន ដើម្បីគាំពារ និងផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ទាំងក្នុងអំឡុងពេលបម្រើការងារ និងក្រោយពេលរំលាយ ឬបញ្ចប់កិច្ចសន្យាការងារ ។
បន្ថែមពីនេះ សម្រាប់លក្ខខណ្ឌដែលទទួលបានអត្ថប្រយោជន៍ក្រោយរំលាយ ឬបញ្ចប់កិច្ចសន្យាការងារ គឺគោរពទៅតាមប្រភេទនៃកិច្ចសន្យាការងារនីមួយៗ ប៉ុន្ដែក៏មានលក្ខខណ្ឌមួយចំនួនដែលមិនផ្ដល់អត្ថប្រយោជន៍ទាំងនោះដល់កម្មករនិយោជិតផងដែរ ។ ដូច្នេះ សប្តាហ៍នេះ យើងនឹងលើកយកតែកិច្ចសន្យាការងារមានថិរវេលាកំណត់មកបកស្រាយតែប៉ុណ្ណោះ ។
ក្រោយពេលរំលាយ ឬបញ្ចប់កិច្ចសន្យាការងារមានថិរវេលាកំណត់ តើកម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ហើយត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញលើប្រធានបទ «អត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបានក្រោយបញ្ចប់កិច្ចសន្យាការងារដែលមានថិរវេលាកំណត់» ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
មុននឹងឈានដល់ការបកស្រាយ យើងគប្បីយល់អំពីប្រភេទកិច្ចសន្យាការងារមានថិរវេលាកំណត់ជាមុនសិន ។ កិច្ចសន្យាការងារមានថិរវេលាកំណត់ សំដៅលើកិច្ចសន្យាការងារមួយប្រភេទដែលមានកំណត់រយៈពេលសុពលភាពច្បាស់ លាស់ ហើយមានរយៈពេលជាអតិបរមា ២ឆ្នាំ និងអាចបន្ដជាថ្មីបានច្រើនដង តែមិនត្រូវលើសរយៈពេល ២ឆ្នាំឡើយ ករណីលើសរយៈពេលកំណត់នេះ កិច្ចសន្យានោះនឹងក្លាយទៅជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់វិញ ។
បន្ថែមពីនេះ ក្រោយពេលរំលាយ ឬបញ្ចប់កិច្ចសន្យាការងារ ករណីកម្មករនិយោជិតត្រូវទទួលបានអត្ថប្រយោជន៍នានា តាមប្រភេទ លក្ខខណ្ឌ និងរយៈពេលនៃកិច្ចសន្យាការងារនោះ ដូចខាងក្រោម៖
១៖ កិច្ចសន្យាការងារដែលមានថិរវេលាកំណត់លើសពី ០៦ (ប្រាំមួយ) ខែ (FDC)
* ករណីការបញ្ចប់/រំលាយតាមពេលកំណត់ ដោយកម្មករនិយោជិតមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ
យោងតាមច្បាប់ស្ដីពីការងារ ភាគីដែលមានបំណងបញ្ចប់កិច្ចសន្យាការងារដែលមានថិរវេលាកំណត់លើសពី ០៦ (ប្រាំមួយ) ខែ ត្រូវគោរពកាតព្វកិច្ចជូនដំណឹងដល់ភាគីម្ខាងទៀត រយៈពេល ១០ថ្ងៃ មុនផុតសុពលភាពនៃកិច្ចសន្យាមកដល់ ដោយបញ្ជាក់ឱ្យបានច្បាស់អំពីការមិនបន្តកិច្ចសន្យាឡើងវិញ (មាត្រា៧៣ កថា.៥) លើកលែងតែកិច្ចសន្យានោះបានកំណត់អំពីលក្ខខណ្ឌបន្ត និងបញ្ចប់ច្បាស់លាស់ នោះគូភាគីត្រូវអនុវត្តតាមកិច្ចសន្យា ។ ករណីនិយោជក ជាអ្នកមានបំណងបញ្ចប់កិច្ចសន្យា ហើយមិនបានបំពេញកាតព្វកិច្ចជូនដំណឹងតាមច្បាប់កំណត់ទេ នោះត្រូវទូទាត់ប្រាក់បំណាច់ជួសការជូនដំណឹងមុន ស្មើប្រាក់ឈ្នួល ក្នុងរយៈពេលឱ្យដំណឹងមុនដែលមិនបានគោរពត្រឹមត្រូវនោះ (មាត្រា៧៥ និងមាត្រា៧៧) ។
ចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបាន មានដូចជា៖
- ប្រាក់ឈ្នួលដែលមិនទាន់បានបើក (ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ) ។ (មាត្រា១១៦)
- ត្រូវបើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យា (៥%) ។ (មាត្រា៧៣ កថា.៦)
- ប្រាក់បំណាច់ជួសការជូនដំណឹងមុន ក្នុងករណីនិយោជកមិនបានជូនដំណឹងមុនត្រឹមត្រូវ ។ (មាត្រា៧៥ និង ៧៧)
- ចេញវិញ្ញាបនប័ត្រការងារ (លិខិតបញ្ជាក់) ដល់បុគ្គលិក ឬនិយោជិត ។ (មាត្រា៧៣ កថា.៨)
* ករណីការបញ្ចប់/រំលាយតាមពេលកំណត់ ដោយកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ
ករណីនេះ និយោជកអាចបញ្ចប់កិច្ចសន្យាបានភ្លាមៗ ដោយឯកតោភាគី (មាត្រា៧៣ កថាខណ្ឌទី២) និងមិនតម្រូវឱ្យជូនដំណឹងមុននោះទេ (មាត្រា៨២ ចំណុចទី២) ។ ចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបានមានប្រាក់ឈ្នួលដែលមិនទាន់បានបើក (ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ) និងប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ ។ (មាត្រា១៦៦ និងមាត្រា១៦៧) យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
២៖ កិច្ចសន្យាការងារដែលមានថិរវេលាកំណត់លើសពី ០១ (មួយ) ឆ្នាំ (FDC)
* ករណីការបញ្ចប់/រំលាយតាមឆន្ទៈរបស់និយោជក ដោយកម្មករនិយោជិតមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ
មុនផុតសុពលភាពនៃកិច្ចសន្យាមកដល់ និយោជកត្រូវគោរពកាតព្វកិច្ចជូនដំណឹងឱ្យដល់កម្មករនិយោជិត មុនរយៈពេល ១៥ថ្ងៃ ប៉ុន្ដែករណីមិនបានជូនដំណឹងទេ កិច្ចសន្យាត្រូវបន្តជាថ្មីក្នុងថិរវេលាស្មើគ្នានឹងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង ឬត្រូវចាត់ទុកថាជាកិច្ចសន្យាគ្មានកំណត់ថិរវេលាពិតប្រាកដ បើថិរវេលាសរុបនៃការបន្តកិច្ចសន្យានោះ លើសពីថិរវេលាដែលមានកំណត់ក្នុង មាត្រា៦៧ (មាត្រា៧៣ កថាខណ្ឌទី៥ នៃច្បាប់ស្ដីពីការងារ) ។
ចំពោះអត្ថប្រយោជន៍ដែលកម្មករ និយោជិតត្រូវទទួលបាន មានដូចខាងក្រោម៖
- ប្រាក់ឈ្នួលដែលមិនទាន់បានបើក (ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ) ។ (មាត្រា១១៦)
- ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ ។ (មាត្រា១៦៦ និង១៦៧)
- ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើក ក្នុងរយៈពេលនៃកិច្ចសន្យាការងារ ។ (មាត្រា៧៣)
- សំណងជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួល ដែលកម្មករនិយោជិតត្រូវទទួលរហូតដល់ពេលចប់កិច្ចសន្យាការងារ ។ (មាត្រា៧៣)
* ករណីការបញ្ចប់/រំលាយតាមឆន្ទៈរបស់និយោជក ដោយកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ
និយោជកអាចបញ្ចប់កិច្ចសន្យាការងារបានភ្លាមៗ ដោយឯកតោភាគី (មាត្រា៧៣ កថាខណ្ឌទី២) និងមិនតម្រូវឱ្យជូនដំណឹងមុនដល់កម្មករនិយោជិតឡើយ (មាត្រា៨២ ចំណុចទី២) ។ ចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបានមាន ប្រាក់ឈ្នួលដែលមិនទាន់បានបើក (ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ) និងប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ ។ (មាត្រា១៦៦ និង១៦៧) យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
រាល់ការទូទាត់អត្ថប្រយោជន៍នានាដល់កម្មករនិយោជិត និយោជកត្រូវធ្វើការទូទាត់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីថ្ងៃឈប់ធ្វើការរបស់កម្មករនិយោជិត (មាត្រា ១១៦ កថាខណ្ឌទី៥) ។
សរុបរួម ក្រោយចប់កិច្ចសន្យាការងារដែលមានថិរវេលាកំណត់ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍នានា ដូចមានកំណត់ខាងលើ ទៅតាមប្រភេទ លក្ខខណ្ឌ និងរយៈពេលនៃកិច្ចសន្យាការងារនោះ លើកលែងតែកម្មករនិយោជិតនោះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងបទបញ្ជាផ្ទៃក្នុងដែលមានចែងក្នុងសហគ្រាស ។
គួរបញ្ជាក់ផងដែរថា ក្រៅពីច្បាប់ស្ដីពីការងារ និងអនុក្រឹត្យ ដែលបានចែងពីអត្ថប្រយោជន៍នានាដែលកម្មករនិយោជិតត្រូវទទួលបាន ក៏មានសេចក្ដីណែនាំផ្សេងៗទៀត ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំអំពីការអនុវត្ត និងការផ្ដល់ជូនអត្ថប្រយោជន៍ដល់កម្មករនិយោជិត រួមទាំងករណីដែលមិនទទួលបានអត្ថប្រយោជន៍ផងដែរ ហើយសេចក្ដីណែនាំទាំងនោះ អាចនឹងមានការប្រែប្រែលនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ឬណែនាំថ្មី ។ ដូចនេះ គប្បីធ្វើការតាមដានជាប្រចាំ អំពីការជូនដំណឹងនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល [email protected] គេហទំព័រ www.cicfirm.com ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕