(ម៉ាឌ្រីដ)៖ បុរសវ័យ ៧៧ឆ្នាំ Florentino Perez ត្រូវបានបោះឆ្នោតជាថ្មី ដើម្បីបន្តកាន់កាប់តំណែងប្រធានក្លិប Real Madrid ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត។ នេះបើតាមការប្រកាសពីក្លិបអធិរាជស នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។

ពីគេហទំព័រកីឡា ESPN បានចេញផ្សាយថា លោកពុំមានគូប្រជែងតំណែងធំនេះឡើយ ក្នុងរយៈពេល ១០ថ្ងៃនៃការដាក់ពាក្យ ពោលគឺចាប់តាំងពីដើមខែមករាមក។

នេះមានន័យថា លោក Perez ត្រូវបានផ្តល់សេចក្តីទុកចិត្តក្នុងការដឹកនាំ Real Madrid ជាលើកទី២ ទៀតប្រកបដោយរលូន គិតចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីលើកទី១ បានត្រឹមតែ ៦ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦ ប៉ុណ្ណោះ។

គួរកត់ចំណាំថា លោក Florentino Perez ជាបុរសដ៏មានឥទ្ធិពលមួយរូបផ្នែកកីឡាបាល់ទាត់នៅប្រទេសអេស្ប៉ាញ និងបានកែប្រែ Real Madrid កាន់តែខ្លាំងឡើងដល់សព្វថៃ បូករួមទាំងនៅក្នុងសហព័ន្ធ ក៏ដូចជាអឺរ៉ុប និងបាល់ទាត់ពិភពលោកទៀតផង គិតចាប់តាំងពីលោកបានជាប់ឆ្នោតដំបូងក្នុងឆ្នាំ២០០០ មក៕