(បរទេស)៖ សហរដ្ឋអាមេរិកបានអនុវត្តវិធានការរឹតត្បិត ឬហាមប្រាមកម្មវិធីទូរសព្ទរបស់ចិនខ្លះដោយសារការព្រួយបារម្ភផ្នែកសន្តិសុខជាតិ។ សកម្មភាពទាំងនេះ កើតចេញពីការចោទប្រកាន់ថា កម្មវិធីទាំងនោះអាចមានសក្តានុពលចែករំលែកទិន្នន័យអ្នកប្រើប្រាស់ដ៏រសើបជាមួយ រដ្ឋាភិបាលចិន។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនទាក់ទងនឹងកម្មវិធីចិនដែលត្រូវបានហាមឃាត់ក្នុងសហរដ្ឋអាមេរិក និងហេតុផលនៅពីក្រោយការហាមឃាត់ទាំងនេះ។
យុទ្ធនាការជុំវិញការហាមឃាត់កម្មវិធីរបស់ចិន បានចាប់ផ្ដើមល្បីល្បាញក្នុងឆ្នាំ ២០២០ កំឡុងពេលលោក Donald Trump ធ្វើជាប្រធានាធិបតីទី៤៥ របស់អាមេរិក បានចេញបញ្ជាប្រតិបត្តិហាមឃាត់ផ្តោតលើកម្មវិធីដូចជា TikTok និង WeChat ខណៈពេលដែលការហាមឃាត់មួយចំនួន ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ជាពិសេសគឺនៅក្រោមច្បាប់ «ការការពារជនជាតិអាមេរិកពីកម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស»។
TikTok ត្រូវបានផ្អាកពី App Store និង Play Store អាមេរិក កាលពីថ្ងៃសៅរ៍ មុនពេលច្បាប់ហាមឃាត់ចូលជាធរមាន ដោយសារការព្រួយបារម្ភ ផ្នែកសន្តិសុខជាតិ ជុំវិញក្រុមហ៊ុនមេរបស់ចិន ByteDance ប៉ុន្តែក៏បានដំណើរការឡើងវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មិនមែនមានតែកម្មវិធី TikTok មួយប៉ុណ្ណោះទេ ដែលមិនដំណើរ ឬត្រូវបានដកចេញពី App Store និង Play Store នោះ គឺនៅមានកម្មវិធីដែលជាកម្មសិទ្ធិរបស់ ByteDance មួយចំនួនទៀតដូចជា កម្មវិធីកាត់តវីដេអូដ៏ពេញនិយម CapCut, Lemon8 ជាបណ្ដាញសង្គមបែប Lifestyle, កម្មវិធី AI ដែលមានឈ្មោះថា Gauth រួមនឹងកម្មវិធីមួយចំនួនទៀត។
លើសពីនេះ នៅក្នុងខែមករា ឆ្នាំ ២០២១ បទបញ្ជាប្រតិបត្តិមួយត្រូវបានចុះហត្ថលេខាដើម្បីហាមឃាត់ប្រតិបត្តិការជាមួយកម្មវិធីចិនចំនួន ៨ រួមមាន Alipay, QQ Wallet និង WeChat Pay ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។
យុត្តិកម្មចម្បងសម្រាប់ការហាមឃាត់ទាំងនេះគឺសន្តិសុខជាតិ។ មន្ត្រីអាមេរិកអះអាងថា កម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន អាចត្រូវបានបង្ខំដោយច្បាប់សន្តិសុខជាតិរបស់ចិន ដើម្បីប្រគល់ទិន្នន័យទៅរដ្ឋាភិបាលចិន។ ក្តីបារម្ភទាំងនេះត្រូវបានកើនឡើងដោយទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ដែលកម្មវិធីទាំងនេះប្រមូលបាន រួមទាំង៖ ទីតាំងអ្នកប្រើប្រាស់, សារ និងកំណត់ត្រាទំនាក់ទំនង, ទិន្នន័យអាកប្បកិរិយា និងចំណូលចិត្ត។
តើវាមានផលប៉ះពាល់អ្វីខ្លះ? ការហាមប្រាមលើកម្មវិធីទាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចចូលទៅកាន់វេទិកា ដែលពួកគេចូលចិត្ត។ អ្នកបង្កើតមាតិកា និងអាជីវកម្មជាច្រើនដែលពឹងផ្អែកលើកម្មវិធីដូចជា TikTok និង CapCut សម្រាប់ទីផ្សារ ឬការប្រើប្រាស់ផ្ទាល់ខ្លួន ឥឡូវនេះកំពុងស្វែងរកវេទិកាជំនួស។
សរុបសេចក្ដីមក ការហាមប្រាមលើកម្មវិធីទូរស័ព្ទរបស់ចិននៅសហរដ្ឋអាមេរិក បង្ហាញពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យ។ ខណៈពេលដែលអ្នកខ្លះមើលឃើញថា វិធានការទាំងនេះជាជំហានចាំបាច់ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់៕