(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ ៤ ទល់ ៤ នៅកម្ពុជា (4v4 Cambodia) ដែលបង្កើតឡើងដោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ នៅទីលានវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយក្រុមយុវជនអាយុក្រោម ១០ឆ្នាំ នៃក្លិបសៀមរាបយូណាយធីត បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុម U10 Young Dragon ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។

ថ្លែងក្នុងពិធីបិទការប្រកួតលោក Keisuke Honda បានសម្ដែងក្ដីរីករាយ ចំពោះដំណើការប្រកួត និងការចូលរួមរបស់ក្រុម ក៏ដូចជាយុវជនអាយុក្រោម ១០ឆ្នាំទាំងអស់គ្នា ដ្បិតការរៀបចំកម្មវិធីនេះ គឺជាផ្នែកមួយ នៃក្ដីសុបិនរបស់ខ្លួន ដែលចង់ឃើញក្រុមជម្រើសជាតិកម្ពុជាកាន់តែខ្លាំង និងមានឱកាសចូលរួមព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក (FIFA World Cup) នាថ្ងៃអនាគត ។ ដូច្នេះតាមរយៈកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ។

អតីតតារាបាល់ទាត់កម្រិតពិភពលោក និងជាស្ថាបនិកកម្មវិធី 4v4 ដ៏ល្បីល្បាញនៅប្រទេសជប៉ុន ដដែលបានបង្ហាញសុទិដ្ឋិនិយមក្នុងពិធីបិទការប្រកួតខាងលើថា «ពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជានាពេលអនាគត ហើយពួកគេនឹងធ្វើឲ្យអ្នករីករាយ ។ ដូច្នេះសូមបន្តគាំទ្រពួកគេ ហើយខ្ញុំសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែខ្លាំងជាងមុន និងអាចលេង World Cup នាពេលនាអនាគត វាគឺជាសុបិន្តរបស់ខ្ញុំ» ។

ទន្ទឹមជាមួយគ្នា លោក វ៉ាន់ ពិសិដដ្ឋ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១០ឆ្នាំ សៀមរាបយូណាយធីត បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំកម្មវិធីនេះ ដែលជាការផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានបង្ហាញ និងវាស់ស្ទង់សមត្ថភាពគ្នា។ នេះគឺជាចំណុចសំខាន់ នៃការអភិវឌ្ឍន៍បាល់ទាត់ ហើយសង្ឃឹមថា សហព័ន្ធ ក្លិប និងសប្បុរសជនផ្សេងៗ ដែលមានបេះដូងស្រលាញ់បាល់ទាត់ ចូលរួមរៀបចំកម្មវិធីបែបនេះឲ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។

លោកបន្ដថា «ខ្ញុំចង់ឃើញការប្រកួតនេះខ្លាំងមែនទែន ព្រោះពេលមកប្រកួត ខ្ញុំចាប់អារម្មណ៍ឃើញក្មេងច្រើន និងកម្រិតខុសៗគ្នា មានន័យថា នៅស្រុកខ្មែរ យើងអាចរកក្រុមលេងបានច្រើន ដែលជាការល្អមួយសម្រាប់ការអភិវឌ្ឍន៍ ។ ខ្ញុំសូមអំពាវនាវទាំងសហព័ន្ធ ទាំងក្លិប និងសប្បុរសជនផ្សេងៗ បើពិតជាមានបេះដូងចង់អភិវឌ្ឍន៍ ត្រូវតែបង្កើតកម្មវិធីអ៊ីចឹងៗឲ្យបានច្រើនជាទីបំផុតតាមដែលអាចធ្វើទៅបាន» ។

គួរដឹងថា ពានរង្វាន់ 4v4 Cambodia លើកដំបូងនៅកម្ពុជានេះ មាន ៣២ក្រុមចូលរួម ។ អ្វីដែលពិសេស នៃការប្រកួត គឺផ្តោតលើការសម្រេចចិត្តរបស់កុមារ ដោយប្រើសមត្ថភាពដ៏អស្ចារ្យដើម្បីយកឈ្នះដៃគូ ដោយគ្មានការដឹកនាំពីសំណាក់គ្រូបង្វឹកក្នុងតំបន់បច្ចេកទេស ឬបញ្ជាពីចម្ងាយឡើយ ។ ជាលទ្ធផល ក្រោយការប្រកួតពេញ ១ថ្ងៃ គឺក្រុមយុវជន U10 សៀមរាបយូណាយធីត បានគ្រងជើងឯក និងទទួលបានកៅអីចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ 4v4 Asian Cup នៅប្រទេសជប៉ុន នារដូវក្ដៅខាងមុខ ដែលនឹងមានការចូលរួមចែករំលែកពីតារាបាល់ទាត់ល្បីៗលើពិភពលោកទៀតផង ៕