(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា អនុប្រធានាធិបតីចិនលោក Han Zheng នៅថ្ងៃអាទិត្យបានជួបជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk និងសមាជិកដទៃទៀតនៃសហគមន៍ធុរកិច្ចអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (Washington D.C) មុនពេលពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោក Han បានប្រាប់​ Musk ថាលោក «ស្វាគមន៍ក្រុមហ៊ុន Tesla និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ដើម្បីចាប់យកឱកាស និងចែករំលែកនៅក្នុងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេសចិន និងរួមចំណែកដល់កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក»។ ទន្ទឹមនឹងជំនួបនេះ ត្រូវបានគេមើលឃើញថាមាន​សារសំខាន់​ព្រោះ​វា​កត់សម្គាល់​ពី​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​អាមេរិក​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​។

គួរជម្រាបថា លោក Trump ក៏បានអញ្ជើញប្រធានាធិបតីចិនលោក Xi Jinping ឱ្យចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនាយប់នេះផងដែរ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) បន្ទាប់ពីបានឈ្នះការបោះឆ្នោត។ ប៉ុន្តែលោក Xi Jinping មិនបានចូលរួមដោយផ្ទាល់នោះទេ ខណៈលោក Han ជាអ្នកចូលរួមជំនួស៕