(ប្រេស៊ីល)៖ ក្លិបប្រេស៊ីល FC Santos ត្រូវបានរបាយការណ៍បង្ហាញថា បានឈានដល់កិច្ចព្រមព្រៀង សម្រាប់ការនាំយកខ្សែប្រយុទ្ធឆ្នើម Neymar វិលមកកាន់ក្លិបជាថ្មីវិញ ពីក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល ៦ខែ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅពេលខាងមុខនេះ ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានក្លិប Santos លោក Marcelo Teixeira ជាមួយនាយកប្រតិបត្តិលោក Pedro Martins និងអ្នកតំណាងរបស់ខ្សែប្រយុទ្ធ Neymar បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិបលើកិច្ចការចំណាយទឹកប្រាក់សម្រាប់ Neymar ។

ខណៈក្រុមប្រឹក្សាភិបាលរបស់ក្លិបបានយល់ថា ការចំណាយចំពោះកីឡាករ ក្លិប Al-Hilal ក៏គួរតែមានការបង់ប្រាប់មួយផ្នែកនៃប្រាកខែរបស់រូបគេ ប្រសិនជា Neymar មិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹកលោក Jorge Jesus នោះទេ ។

ទាក់ទងមកការវិញត្រលបមកលីគក្នុងស្រុកនេះ Neymar ក៏បានបង្ហាញឆន្ទៈថា នេះគឺជាការសម្រេចចិត្ត ដោយបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ឪពុក និងភ្នាក់ងារថាចង់ត្រលប់ទៅកាន់ក្លិបដែលបានបង្ហាញភាពលេចធ្លោចំពោះរូបគេ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Chicago Fire FC ពីលីគសហរដ្ឋអាមេរិក Major League Soccer ក៏ដោយ ។

សូមជម្រាបផងថា បើតាមព័ត៌មានលម្អិតកាលឆ្នាំ២០១៤ សម្រាប់ការផ្ទេរ Neymar ពីក្លិប Santos ទៅកាន់ FC Barcelona មានតម្លៃប្រមាណ ៧១.៥លានផោន ខណៈក្រុមគ្រួសារបានបញ្ជាក់ថា បានទទួលប្រាក់ចំនួន ៤០លានអឺរ៉ូ នាពេលនោះ ក្រោយការស៊ើបអង្កេតពីការិយាល័យរដ្ឋអាជ្ញានាទីក្រុងម៉ាឌ្រីត ។

រំលឹកផងថា Neymar បានចាកចេញពីក្លិបអាជីព Santos FC ទៅកាន់ទឹកដីតំបន់អឺរ៉ុប ក្នុងលីគរបស់អាស្បាញ់ ជាមួយក្លិប FC Barcelona កាលឆ្នាំ២០១៣ នឹងរួមរស់រហូតដល់ឆ្នាំ២០១៧ ក៏សម្រេចផ្ទេរទៅកាន់លីគបារាំង ជាមួយក្លិប Paris Saint Germain នឹងបន្តចេញមកកាន់លីគតំបន់អាស៊ី ជាមួយក្លិប Al-Hilal ។

ហើយមុនការវិលមកវិញជាថ្មីនេះ Neymar ធ្លាប់រកបាន ១៣៦គ្រាប់ ពីការលេង ២២៥ប្រកួតជាមួយ Santos ផងដែរ មុនឈានទៅលើកពាន UEFA Champions League ជាមួយ Barcelona នារដូវកាល២០១៤-១៥ ដ្បិតការចូលរួមជាមួយ Al-Hilal រូបគេលេងបានតែ ៧ប្រកួត នឹងរកបានតែ ១គ្រាប់ប៉ុណ្ណោះ ដោយសារពោពេញនៅបញ្ហារបួស ACL និងសរសៃពួរ ៕