(ភ្នំពេញ)៖ កម្មវិធីប្រកួតបាល់ទាត់ ហ្វ្រីស្ទាយល៍ (Frenzy Freestyle) បានឈានដល់វគ្គ១៦នាក់ចុងក្រោយ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះដំបូងកន្លងទៅថ្មីៗនេះ។
ចំពោះការប្រកួតក្នុងកម្មវិធីមួយនេះ មិនមែនផ្តោតសំខាន់លើជំនាញបាល់ទាត់តែម្យ៉ាងនោះទេ ប៉ុន្តែក៏មានលាយបញ្ចូលទាំងក្បាច់រាំ Breakdance ផងដែរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះគឺឃើញមានបេក្ខនារី២រូបបានចូលរួមប្រកួតប្រជែងជាមួយបេក្ខជន។
បេក្ខនារី ឌី គឹមយាន អាយុ២៤ឆ្នាំ ជាគ្រូបង្ហាត់បាល់ទាត់ មកពីភូមិតាងួន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញសមត្ថភាព និងទេពកោសល្យបានយ៉ាងល្អ ក្នុងការប្រកួតវគ្គជម្រុះដំបូងកន្លងទៅ និងទទួលបានឱកាសឡើងដល់វគ្គ១៦នាក់ចុងក្រោយ ឬវគ្គ ១/៨ ផ្តាច់ព្រ័ត្រ។
បេក្ខនារី យ៉ែម នារតី អាយុ២២ឆ្នាំ ជាសិស្ស មកពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មានសមត្ថភាពមិនធម្មតាដែរ។ ក្នុងការប្រកួតវគ្គជម្រុះដំបូង កញ្ញាបានបង្ហាញសមត្ថភាពដ៏រស់រវើក និងធ្វើឱ្យគណៈកម្មការវាយតម្លៃទាំង៤រូប ពេញចិត្ត ហើយបានផ្តល់ពិន្ទុឱ្យឡើងដល់វគ្គ១៦នាក់ចុងក្រោយដូចគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្រ្វីស្តាយល៍ នឹងឈានដល់ការប្រកួតវគ្គ ១/៨ ផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅស្ទូឌីយោបាយ័ន បឹងស្នោរ ហើយនឹងមានការផ្សាយផ្ទាល់នៅលើផេក Preah Khan Reach Svay Rieng FC រួមទាំងហ្វេសប៊ុកផេក BTV News ផងដែរ។ ការចូលរួមទស្សនាដោយសេរី! កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា!