(ឡុងដ៍)៖ តោខៀវ Chelsea បានបញ្ចប់ភាពលេងមិនឈ្នះរបស់ខ្លួន ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ តាមរយៈបំបាក់គូប្រជែង Wolverhamton Wanderers ៣-១ នាយប់មិញក្នុងលីគកំពូលអង់គ្លេស Premier League 2024-25។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានោះ ៣ពិន្ទុដ៏សំខាន់ក្នុងកីឡដ្ឋាន Stamford Bridge នេះដែរ បានជួយឱ្យពួកគេឡើងមកឈរនៅលេខរៀងទី៤ ក្នុងលីគ ដែលជាតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League នារដូវកាលក្រោយវិញដែរ ដ្បិតចាញ់ប្រៀបក្រុមកំពូលតារាង ហង្សក្រហម Liverpool ១០ពិន្ទុក៏ដោយ។

ក្នុងប្រកួតសប្តាហ៍ទី២២ ជើងទី២ កីឡាករ Tosin Adarabioyo ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី២៤ មុនពេល Matt Doherty បានរួមចំណែកជួយក្រុមភ្ញៀវតាមស្មើវិញនៅនាទី៤៥+៥ ដ្បិតក្រុមកញ្ជ្រោងកំពុងស្ថិតនៅក្បែរតំបន់កាត់ចោលផងនោះ ដោយទើបរកបានជ័យជម្នះតែ ៧លើកប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រុមរបស់លោក Enzo Maresca បានប្រើពេលតែ ៥នាទី ដើម្បីរកបាន ២គ្រាប់បន្ថែម ពោលគឺខ្សែមប្រើ Marc Cucurella ដែលទើបជួយអេស្ប៉ាញឈ្នះជើងឯក Euro 2024 រកបានគ្រាប់ទី២ សម្រាប់តោខៀវពីការចូលលេងលើកទី១០០ នៅ Premier League និង Noni Madueke ជាអ្នកធ្វើបានគ្រាប់ទី៣ យក ៣ពិន្ទុតែម្តង៕