(ស្លូវ៉ាគី)៖ Petra Vlhova ដែលជាកីឡាការិនីឆ្នើមមួយរូបលើប្រភេទកីឡាជិះស្គីទឹកកក នឹកខកខាននៅការប្រកួតប្រជែងពានកម្រិតពិភពលោកនៅប្រទេសអូទ្រីស ដោយមិនទាន់មានជាសះស្បើយពីបញ្ហារបួសជង្គង់ ដែលរូបនាងបានជួបកាលពីមួយឆ្នាំមុន ។
Petra Vlhova គឺជាម្ចាស់មេដាយមាស World Ski Championship 2019 លើវិញ្ញាសា Slalom ខណៈរូបនាងក៏ជាគូប្រជែងដ៏មានសម្ពាធជាមួយកីឡាការិនី Mikaela Shiffrin លើប្រភេទវិញ្ញាសាមួយនេះ និងការប្រកួតកម្រិតពិភពលោក World Cup Alpine ski ។
កីឡាការិនីវ័យ ២៩ឆ្នាំ Petra Vlhova បានរងរបួសជង្គង់នេះកាលពីខែមករាឆ្នាំមុន ដែលបណ្តាលឱ្យមានការរហែកសរសៃចងជង្គង់ ខណៈគ្រូបង្វឹករបស់នាង លោក Mauro Pini បាននិយាយកាលពីថ្ងៃចន្ទថា «ការព្យាបាលឡើងវិញនៅបញ្ហារបួសជង្គង់របស់នាង គឺកំពុងស្ថិតនៅលើលក្ខខណ្ឌត្រឹមត្រូវ ជាមួយនឹងការផ្តល់ការលើកទឹកចិត្តជារៀងរាល់ថ្ងៃ» ។
សូមជម្រាបផងថា Petra Vlhova ក្នុងអាជីពជិះស្គីទឹកកក រូបនាងបានឈ្នះមេដាយមាស ៤គ្រឿង មានៅការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នាទីក្រុងប៉េកាំង នៅលើទឹកដីស៊ុយអែត World Ski Championship 2019 និងនៅកម្រិតវ័យក្មេង Winter Youth Olympic Games 2012 និង Junior World Championship 2014 ។
សម្រាប់ការប្រកួតជិះស្គីជើងឯកពិភពលោកត World Ski Championship 2025 នឹងគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ នៅតំបន់រមណីយដ្ឋាន Saalbach-Hinterglemm នៅទឹកដីប្រទេសអូទ្រីស ៕