(ឡុងដ៏)៖ កីឡាករអន្តរជាតិអ៊ូសបេគីស្ថាន Abdukodir Khusanov ពេលនេះត្រូវបានប្រកាសសម្រេចការផ្ទេរទៅកាន់ក្លិបអង់គ្លេស Manchester City ក្នុងតម្លៃប្រមាណជាង ៤១.៥៦លានដុល្លារ ជាមួយលក្ខខណ្ឌបន្ថែមទៀត ដែលកិច្ចសន្យារហូតដល់ឆ្នាំ២០២៩ ដែលផ្ទេរពីក្លិបបារាំង Lens ។
សូមជម្រាបផងថា ខ្សែបម្រើការពារកណ្តាលមកពីតំបន់អាស៊ីកណ្តាល មានវ័យទើបតែ ២០ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Lens ក្នុងលីគបារាំង បានត្រឹមតែ ១៨ខែប៉ុណ្ណោះ ពីក្លិបបេឡារុស្ស Energetik-BGU ក្នុងតម្លៃត្រឹមតែ ៨៤០០០ផោន និងជាកីឡាករអ៊ូសបេគីស្ថាន ដំបូងគេដែលបានចូលរួមជាមួយ Man City ក្នុងក្របខណ្ឌលីគអង់គ្លេស ។
ជាមួយការកើននៅទម្រង់លេងបានយ៉ាងល្អរូបគេ ក៏អាចរកបានគ្រាប់បាល់ដំបូងជាមួយក្រុម Lens នៅការប្រកួតពាន France Cup រដូវកាលនេះ លើក្រុម Paris Saint Germain កាលពីខែធ្នូ ឆ្នាំ២០២៤ ៕