(ភ្នំពេញ)៖ ក្រុមនៃលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាថ្ងៃទី២២ ខែមករាស្អែកនេះ ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋាន Thanh Hoa ។
ជាមួយការប្រកួតដ៏សំខាន់នេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ត្រូវការឈ្នះដាច់ខាត ទើបមានឱកាសប្រជែងកៅអីវគ្គបន្ដ ។ នេះបើតាមការគូសបញ្ជាក់របស់លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង មុនដឹកនាំក្រុមធ្វើដំណើរទៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃច័ន្ទ។
សម្រាប់ដំណើរទៅជួបក្រុមកំពុងឈរកំពូលតារាងលីគកំពូលវៀតណាមខាងលើ លោក Pep បានសង្កត់ធ្ងន់ថា «ខ្ញុំគិតថា ការប្រកួតនេះ គឺដូចជាការប្រកួតផ្ដាច់ព្រ័ត្រមួយ ដោយសារបើយើងឈ្នះការប្រកួត យើងនឹងមានឱកាសឡើងទៅវគ្គបន្ដ តែបើពួកយើងចាញ់ គឺយើងអស់ឱកាសទៅវគ្គបន្ដហើយ» ។
លោកថា Thanh Hoa គឺជាក្រុមខ្លាំងក្នុងពូល ដែលមិនទាន់ស្គាល់ចាញ់ ជាក់ស្ដែងពេលជួប BG Pathum United (ថៃ) និង Terengganu FC (ម៉ាឡេស៊ី) ពួកគេធ្វើបានយ៉ាងល្អ ។ ការណ៍នេះ ស្វាយរៀង ត្រូវផ្ដោតអារម្មណ៍គ្រប់ពេល ជាមួយការជំរុញទឹកចិត្តខ្ពស់បំផុត សម្រាប់ការប្រកួតនេះ ដើម្បីទទួលបានូវលទ្ធផលល្អ ។
ពាក់ព័ន្ធនឹងស្ថានភាពក្រុមវិញ បច្ចុប្បន្នក្រុមកំពុងឈរលេខ២ នៃលីគកំពូលកម្ពុជា មានកីឡាករប្រមាណ ១៧រូប ដែលអាចលេងបាន ក្នុងនោះខ្សែប្រយុទ្ធស្នូល Pablo Augusto ស្ថិតក្នុងការតាមដាននៅឡើយ ។ រីឯកីឡាករចំណូលថ្មី ដូចជាកីឡាករកូនកាត់ខ្មែរ-បារាំង Lucas Arthur, កាន់ ពិសាល និង វ៉ារ ដេវីត ជាដើម គឺបានលេងនោះទេ ព្រោះមិនបានចុះឈ្មោះក្នុងពានប្រចាំតំបន់នេះ ។ លោក Pep បន្ថែម ។
គួរដឹងថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរលេខ៥ ក្នុងពូលA ដោយរកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ តាមពីក្រោយក្រុមកំពូលតារាង PSM Makasar (ឥណ្ឌូនេស៊ី) ដែលរកបាន ៧ពិន្ទុ ក៏ដូចជាក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United ដែលរកបាន ៥ពិន្ទុស្មើគ្នា ព្រមទាំងក្រុម Terengganu FC ឈរលេខ៤ និងរកបាន ៤ពិន្ទុ ខណៈក្រុមនីមួយៗ នៅសល់ ២ប្រកួតដូចគ្នា ។
តាមរយៈលទ្ធផលបណ្ដោះអាសន្ន ព្រះខ័នរាជស្វាយរៀង នៅមានឱកាសសម្រាប់ការប្រជែងកៅអីវគ្គបន្ដ ពិសេសប្រសិនបើអាចយកឈ្នះក្រុម Dong A Thanh Hoa នៅថ្ងៃស្អែក តែបើចាញ់ ឱកាសមាសនេះ នឹងត្រូវបាត់បង់ ។ សម្រាប់ការប្រកួតបញ្ចប់ពូល ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕