(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំ ៣ចំណុច ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលត្រូវអនុវត្តចាំបាច់ នៅក្នុងការរៀបចំការបោះឆ្នោតបញ្ចប់អាណត្តិទី៧ ខណៈបើមិនអនុវត្តនោះទេ ក្រសួងនឹងពិនិត្យពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធឡើងវិញ ។
យោងតាមលិខិតផ្ញើជូនប្រធានសហព័ន្ធ ដែលចុះហត្ថលេខាដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ដោយយោងតាមចំណាររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែមករា និងកំណត់ហេតុកិច្ចប្រជុំ រវាងក្រសួងអប់រំ និងសហព័ន្ធ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រសួងបានសសម្រេចចេញគោលការណ៍ណែនាំ ៣ចំណុច សម្រាប់ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូចខាងក្រោម៖
១. ត្រូវបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដោយឈរលើស្មារតី ប្រជាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។
២. ត្រូវរៀបចំនីតិវិធីឈរឈ្មោះ និងបោះឆ្នោតដោយផ្អែកតាមមតិភាគច្រើន អាចទទួលយកបានពីគ្រប់សមាជិកទាំងអស់។
៣. សហព័ន្ធត្រូវអនុវត្តឲ្យស្របតាមប្រការ៩ នៃលក្ខន្ដិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា «ក្រសួងសង្ឃឹមថា សហព័ន្ធនឹងអនុវត្តតាមការណែនាំជាគោលការណ៍នេះឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ ។ ក្នុងករណីមិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឲ្យបានត្រឹមត្រូវ ក្រសួងនឹងពិនិត្យពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធឡលើងវិញ» ។
សូមបញ្ជាក់ថា ការចេញគោលការណ៍ណែនាំរបស់ក្រសួងអប់រំខាងលើ ស្របពេលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រៀមរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥) និងបន្ដអាណត្តិទី៨ (ឆ្នាំ២០២៥-២០២៩) នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ បន្ទាប់ពីមានការកោះប្រជុំពិនិត្យ និងពន្លឿនការរៀបចំមហាសន្និបាតនេះ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ៕