(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea FC បានត្រៀមការចាយលុយប្រមាណជាង ១១.៩លានផោន ស្មើនឹងប្រមាណជាង (១៤.៦លានដុល្លារ) ក្នុងការទិញយកខ្សែការពារមានកម្ពស់ខ្ពស់ ១.៩៤ម៉ែត្រ ដែលមានវ័យទើបតែ ១៩ឆ្នាំ Mamadou Sarr សញ្ជាតិបារាំង ពីក្លិបដៃគូ Strasbourg ក្នុងទីផ្សារដោះដូរដើមឆ្នាំ២០២៥ នេះ ។
ហើយនឹងក្លាយជាការផ្ទេរអចិន្ត្រៃយ៍លើកដំបូងទៅកាន់កីឡដ្ឋាន Stamford Bridge ពីក្លិប Strasbourg ដែលជាមួយកំពុងស្ថិតក្រោមការគ្រប់គ្រងដោយមហាសេដ្ឋី Todd Boehly ដែលជាម្ចាស់ក្រុមហ៊ុន Clearlake Capital ក្រោមសម្ព័ន្ធ BlueCo ។ ដែលសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើង ដើម្បីដើរតួរជាផ្នែកមួយនៃការវិនិយោគ លើការកាន់កាប់ក្លិបបាល់ទាត់ Chelsea FC ក្នុងលីគ Premier League កាលឆ្នាំ ២០២២ ។
Mamadou Sarr បានក្លាយជាសមាជិកនៃក្រុម Strasbourg កាលឆ្នាំ២០២៤ ហើយក្លិនឹងទទួលបានប្រាក់ចំណេញប្រមាណ ៣.៤លានផោន ក្រោយចំណាយប្រមាណ ៨.៥លានផោន នាំយករូបគេពីក្លិប Lyon ក្នុងទីផ្សារដោះដូរនារដូវក្តៅ ។
Chelsea ក៏បានរៀបចំកិច្ចព្រមព្រៀងមួយទៀត សម្រាប់នាំយកកីឡាករសញ្ជាតិកាហ្សាក់ស្ថាន មានអាយុ ១៦ឆ្នាំ Dastan Satpaev ផ្ទេរមកពីក្លិប FC Kairat ដែលបានបញ្ចប់ការសាកល្បងធ្វើតេស្ដដោយជោគជ័យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Cobham របស់ក្លិបក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសង្ឃឹមថានឹងចូលរួមក្នុងសាលាបណ្តុះបណ្តាលខាងលើ ៕