(ភ្នំពេញ)៖ បទចម្រៀងក្រោមចំណងជើងថា «ពិសពុល» របស់តារាចម្រៀងល្បីឈ្មោះបោះសំឡេងចាស់វស្សា អ្នកនាង មាស សុខសោភា ដែលបានសំងំថតសំឡេងរួចរាល់នៅលើទឹកដី នៃសហរដ្ឋអាមេរិក ជាមួយនឹងអ្នកបច្ចេសសំឡេងល្បីឈ្មោះ លោក Daron Ker ក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរខ្លាំង ជាពិសេសនោះចម្រៀងមួយបទនេះ ច្រៀងសម្រាប់ទុកថតខ្សែភាពយន្ត និងត្រៀមដាក់បញ្ចូលក្នុងខ្សែភាពយន្តរបស់ «Netflix» ទៀតផង។
អ្នកគ្រប់គ្រងការផលិតបទចម្រៀង «ពិសពុល» «Poison» លោក Rada បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា សម្រាប់បទចម្រៀងដែលច្រៀងដោយតារាចម្រៀង មាស សុខសោភា បទ «ពិសពុល» ឬ «Poison» អាចនឹងដាក់បញ្ចូលក្នុងខ្សែភាពយន្ត ហើយនឹងត្រូវបានចេញផ្សាយក្រោមរូបភាព «WATER BUFFALO» ដែលកាលបរិច្ឆេទចេញផ្សាយនៅខែសីហា ឆ្នាំ២០២៦។ បទចម្រៀងនេះត្រូវបានចេញផ្សាយក្រោម WATER BUFFALO RECORDS។ ចំណែកឯការកាត់ត និងក្រាហ្វិកនឹងត្រូវបានចេញផ្សាយក្រោម WATER BUFFALO COMICS ក្នុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
លោកបានបន្តថា ខ្សែភាពយន្តដែលនឹងត្រូវផលិត សម្រាប់ដាក់បញ្ចូលបទចម្រៀងនេះ នឹងចាប់ផ្ដើមថតនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។ ជាមួយគ្នានេះ លោក Rada ក៏បានរំឭកពីប្រវត្តិរបស់ផលិតករដឹកនាំរឿង គឺលោក Daron Ker ថា ជាអ្នកដឹកនាំរឿងខ្មែរអាមេរិកាំង។ លោក ដារ៉ុន កែរ បានផលិត និងដឹកនាំភាពយន្តឯកសារចំនួន ២ចំណងជើងមានដូចជា រឿង «វាលស្រែនៃក្តីស្រមៃ», «ខ្ញុំជិះ»។ ចំណែករឿង «អ្នកចម្បាំងល្បុក្កតោ» ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយមានតារាចម្រៀង មាស សុខសោភា មានបទ «ពិសពុល» ដែលជាបទចម្រៀងសម្រាប់ភាពយន្តនេះ។ ក្នុងនោះត្រូវបានលាយបញ្ចូលគ្នាយ៉ាងស្ទាត់ជំនាញដោយ Tom Disher នៅស្ទូឌីយ៉ូ Disher នៅសាន់ហ្វ្រាន់ស៊ីស្កូ។ លោក Tom ទទួលបានមានពានរង្វាន់ជាច្រើន ហើយបានធ្វើការលើខ្សែភាពយន្តជាង២០០ចំណងជើង ពោលគឺលោកធ្វើការងារលើខ្សែភាពយន្ត ស្ទើរតែពេញមួយជីវិតរបស់លោកទៅហើយ។
អ្នកគ្រប់គ្រងការផលិតបទចម្រៀង «ពិសពុល» ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាចម្រៀង មាស សុខ សោភា រូបនេះ បានបន្តថា សម្រាប់ Disher Sound ក៏ជាកន្លែងឯកទេសផ្នែករចនាសំឡេង នឹងផ្នែកភាពយន្ត ដ៏ល្អរបស់លោក Tom Disher ដោយលោក គឺជាអ្នកឯកទេសដ៏ស្ទាត់ជំនាញមួយរូប ជាអ្នកនិពន្ធ រៀបចំតន្ត្រី ជាម្ចាស់ និងដំណើរការ Disher Music & Sound តាំងពីឆ្នាំ១៩៩២ ហើយក៏ជាអ្នកផលិតខ្សែភាពយន្តឯករាជ្យ រហូតទទួលបានពានរង្វាន់ Emmy Award ចំនួន៥ផងដែរ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះស្នាដៃរបស់លោក Tom Disher ក៏ធ្លាប់ផលិតរឿងលើខ្សែភាពយន្តដូចជា The Great 14th, Run Tiger Run, The Surrogate, Tofu, Banshee Chapter និង Awarewolf ផងដែរ៕