(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥​ ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់ និងព្យាបាលជូនសាធារណជនតាមបច្ចេកវិទ្យាទំនើប ស្របតាមការរីកចម្រើននៃវិស័យសុខាភិបាល។

ថ្លែងក្នុងពិធីសម្ពោធមន្ទីរសម្រាកព្យាបាល យូ ចតុមុខ នាព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៥នេះ លោក ហង្ស ដារ៉ា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានប្រសាសន៍ថា ការបង្កើតមន្ទីរសម្រាកព្យាបាលយូ ចតុមុខ នេះឡើង គឺដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដល់ប្រជាជនគ្រប់ទិសទី និងចូលរួមអនុវត្ត មុំបី នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយកំណត់គោលដៅជាយុទ្ធសាស្រ្ត ពង្រឹង ប្រព័ន្ធផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រកបដោយនវានុវត្ត ដោយផ្តោតលើការថែទាំសុខភាពទាំងអស់គ្នា។

លោកបានគូសបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានបំពាក់នូវបរិក្ខារពេទ្យទំនើបៗ តាមស្តង់ដារអន្តរជាតិ និងមានវេជ្ជបណ្ឌិតឯកទេសល្បីៗ មានបទពិសោធន៍យូរឆ្នាំ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ: រង់ចាំផ្តល់សេវាកម្មប្រឹក្សាយោបល់ និងព្យាបាលជូនសាធារណជន ដើម្បីចូលរួមបំរើសេវាកម្មសុខាភិបាល ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

មន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានសេវាកម្មផ្តល់ប្រឹក្សាយោបល់ និងព្យាបាល ជំងឺទូទៅ រោគស្រ្តី មនុស្សធំ កុមារ ជំងឺបេះដូង លើសសម្ពាធឈាម ជំងឺក្រពេញ ជំងឺទឹកនោមផ្អែម ចាក់ថ្នាំចង្ការជំងឺផ្សេងៗ មន្ទីរពិសោធន៍ តេស្តឈាម អេកូសាស្រ្ត ថតកម្មរស្មី។ល។

លោកបន្ថែមថា«យើងខ្ញុំ និងជាអ្នកឯកទេសសុខាភិបាល និងសហការី បាននឹងកំពុងខិតខំផ្តល់សេវាកម្មវេជ្ជសាស្ត្រ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអ្នកជំងឺ ដែលបានមកសម្រាកព្យាលនៅទីនេះ ដើម្បីឱ្យគាត់ទទួលបាននូវភាពកក់ក្តៅ ពោរពេញដោយស្នាមញញឹម ពីទីកន្លែងដែលពួកគាត់ជ្រើសរើសបានត្រឹមត្រូវមួយ។ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ យើងបានបំពាក់នូវបរិក្ខារពេទ្យទំនើបៗ តាមស្តង់ដារអន្តរជាតិ មានបន្ទប់សម្រាកព្យាបាលប្រកបដោយផាសុកភាព គ្រូពេទ្យថែទាំអ្នកជំងឺ មានការយកចិត្តទុកដាក់ខ្ពស់ មានភាពរស់រាយរាក់ទាក់ មានមេត្តាករុណា ដែលជាទីពេញចិត្តរបស់អ្នកជំងឺ។

​ព្រមជាមួយនឹងការផ្តល់សេវាព្យាបាលប្រកបដោយគុណខ្ពស់ និងទំនួលខុសត្រូវ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ ក៏បានផលិតនូវវីដេអូ ឃ្លីប ស្តីពីការអប់រំសុខភាព ចែករំលែកលើបណ្តាញសង្គមជាច្រើនផងដែរ។ ប្រធានបទនីមួយៗ មានការចូលរួមបកស្រាយពីវេជ្ជបណ្ឌិតឯកទេសយូរឆ្នាំ ដើម្បីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីព័ត៌មានសុខភាព និងការបង្ការជំងឺផ្សេងៗ ក្នុងស្រទាប់មហាជន។

​មន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានទីតាំងស្ថិតនៅ ផ្លូវលេខ ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០៦៩ ​៥៥៣ ៩៥៥៕