(សិង្ហបុរី)៖ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Instagram បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគណនីក្មេងជំទង់ «Teen Account» នៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។ ប្រកាសនេះ នឹងអនុវត្តសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុលើសពី ១៣ ឆ្នាំ និងក្រោម ១៨ឆ្នាំ ក្នុងគោលបំណងបង្កើនសុវត្ថិភាព និងឯកជនភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
Meta បានបញ្ជាក់ថា មុខងារនេះនឹងចេញមកជាមួយនឹងការរឹតបន្តឹងមួយចំនួនក្នុងនោះរួមមាន អនុញ្ញាតឱ្យប្រើប្រាស់រយៈពេល ៦០នាទីក្នុងមួយថ្ងៃ ជាគណនីដែលត្រូវបានកំណត់ដោយ Meta ផ្ទាល់អាចមើលឃើញតែគណនីដែលពួកគេ Follow តែប៉ុណ្ណោះ ព្រមទាំងដកចេញរាល់ខ្លឹមសារមិនសមរម្យ និងពាក្យអសុរោះដោយស្វ័យប្រវត្តិ។ បន្ថែមពីនេះ រាល់គណនីក្មេងជំទង់ទាំងអស់នឹងត្រូវបានភ្ជាប់ទៅគណនីមាតា បិតា ដែលអនុញ្ញាតឱ្យឪពុកម្តាយ មើលថាតើកំពុងធ្វើអ្វី និងផ្ញើសារអ្វីខ្លះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយ ក៏អាចសម្រេចថាពេលណា ឬរយៈពេលប៉ុន្មានដែលគណនីកូនរបស់ពួកគេអាចប្រើប្រាស់ Instagram ថែមទៀត។
គួរជម្រាបថា Meta នឹងចេញមកជាមួយនឹងមុខងារ Sleep Mode ថ្មី ដែលបិទ notification នាពេលយប់ពោលគឺ ចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៧ព្រឹកជារៀងរាល់ថ្ងៃ។ ក្រៅតែពីការរឹតបន្តឹង Meta ក៏នឹងមានមុខងារការពារផងដែរ ប្រសិនបើក្មេងជំទង់ព្យាយាមបង្កើតគណនីថ្មីជាមួយនឹងថ្ងៃកំណើតលើសពី ១៨ឆ្នាំនឹងត្រូវបានបិទតែម្តង។ វេទិកានេះ នឹងតម្រូវឱ្យក្មេងជំទង់ទាំងអស់ដែលចូលលេងបណ្តាញ Instagram ត្រូវតែផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ជាមួយនឹងជម្រើសមួយក្នុងចំណោមជម្រើសបី៖ Upload ID, ថតវីដេ Selfie និងផ្ទៀងផ្ទាត់អាយុរបស់ពួកគេជាមួយ mutal friend។ មុខងារនេះ នឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕