(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក ហៅកាត់ថា JTI (ជេធីអាយ) មានកិត្តិយសទទួលបានវិញ្ញាបនបត្រជានិយោជកឆ្នើម (Top Employer) សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៥ នៅប្រទេសកម្ពុជា។ ពានរង្វាន់លំដាប់ពិភពលោកដ៏មានកិត្តិយសនះ គឺជាការទទួលស្គាល់លើការបេ្តជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុន JTI កម្ពុជា ក្នុងការបង្កើតកន្លែងធ្វើការពោរពេញដោយលក្ខណៈល្អប្រសើរសម្រាប់បុគ្គលិកគ្រប់រូប។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JTI កម្ពុជា នៅតែជាក្រុមហ៊ុនតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានពានរង្វាន់និយោជកឆ្នើម (Top Employer) នេះ។
បន្ទាប់ពីឆ្លងកាត់ដំណើរការនៃការវាយតម្លៃយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនខែ វិទ្យាស្ថាននិយោជកឆ្នើម (Top Employer) បានផ្តល់ពិន្ទុខ្ពស់ ៩៦.៦៥% ដល់ក្រុមហ៊ុន។ លទ្ធផលនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់លក្ខខណ្ឌការងារល្អប្រសើរ អត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង ឱកាសស្មើគ្នា ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់បុគ្គលិកទាំងអស់ ជាពិសេសសុខមាលភាពបុគ្គលិកតាមរយៈគំនិតផ្តួចផ្តើមឈានមុខគេក្នុងសកលលោកដូចជា កម្មវិធីរបៀបធ្វើការថ្មី (NWOW) ដែលអនុញ្ញាត្តឱ្យបុគ្គលិកធ្វើការពីចម្ងាយ និងគោលការណ៍ឈប់សម្រាកគ្រួសាររយៈពេល ៥ខែ ដែលផ្តល់ជូននូវប្រាក់បៀរវត្យពេញ ១០០% ទៅបុគ្គលិកទាំងអស់ដោយមិនកំណត់ពីភេទ ទិសដៅភេទ ឬបុគ្គលិកដែលនឹងជិតក្លាយជាឪពុក ម្តាយដោយការបង្កើត ឬស្មុំកូនមកចិញ្ចឹមដោយស្របច្បាប់។
លោកស្រី សេក សាវ៉េត នាយិកាផ្នែកបុគ្គលិក និងវប្បធម៌ក្រុមហ៊ុន JTI កម្ពុជា បានគូសបញ្ជាក់ថា៖ «ការទទួលបានការទទួលស្គាល់ជានិយោជកឆ្នើម (Top Employer)បានបង្ហាញឱ្យឃើញថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន JTI គឺជាធនធានដ៏មានតម្លៃរបស់ក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុននឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើតនូវបរិយាកាសការងារឱ្យកាន់តែល្អប្រសើរជាងនេះសម្រាប់បុគ្គលិកទាំងអស់តាមរយៈការផ្តល់អាទិភាពលើសុខមាលភាព បុគ្គលិក ការផោ្តតសំខាន់លើ ភាពចម្រុះ បរិយាបន្ន និងសមធម៌»។
ជាសកល, ក្រុមហ៊ុន JTI គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ១៧ ប៉ុណ្ណោះដែលបានទទួលស្គាល់ជានិយោកឆ្នើមផ្អែកលើគោលការណ៍ និងការអនុវត្តផ្នែកធនធានមនុស្សដ៏ឆ្នើម ដោយវិទ្យាស្ថាននិយោជកឆ្នើម (Top Employer)។ កម្មវិធីនិយោជកឆ្នើម (Top Employer) របស់វិទ្យាស្ថាននិយោជកឆ្នើម (Top Employer) គឺជាកម្មវិធីដែលធ្វើការវាយតម្លៃតាមរយៈការស្ទង់មតិលើការអនុវត្តផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ឬស្ថាប័ន។ ការស្ទាបស្ទង់មតិនេះមាន ៦ចំនុច និង២០ប្រធានបទអំពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស បរិយាកាសការងារ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ភាពចម្រុះ បរិយាបន្ន សុខមាលភាពបុគ្គលិក និងផ្សេងៗទៀត។
នៅក្រុមហ៊ុន JTI កម្ពុជាមិនត្រឹមវិនិយោគលើធនធានមនុស្សប៉ណ្ណោះទេ ក្រុមហ៊ុនក៏ទទួលបានការទុកចិត្ត និងទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្រុមហ៊ុន JTI ត្រូវបានទទួលស្គាល់ដោយសមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបង់ពន្ធផ្ទៃក្នុងច្រើនជាងគេនៅឆ្នាំ២០២០ និង២០២២ ព្រមទាំងទទួលបានវិញ្ញាបនបត្រអនុលោមភាពពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២២-២០២៣ និង ២០២៤-២០២៥។ ថ្មីៗនេះក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិនាំមុខគេដែលលក់ផលិតផលរបស់ខ្លួននៅច្រើនជាង ១៣០ប្រទេស និងមានបុគ្គលិកច្រើនជាង ៤៦,០០០នាក់ នៅច្រើនជាង៧០ប្រទេស។ JTI គឺជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន JT។
នៅក្នុងប្រទេសកម្ពុជា JTI ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនចែកចាយបារីម៉ាកល្បីៗក្នុងពិភពលោកដូចជា Mevius និងWinston។ ក្រុមហ៊ុនមានបុគ្គលិកប្រហែល ៤៦០នាក់ និងមាន៦ការិយាល័យធ្វើការនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.jti.com (http://www.jti.com/)៕ (http://www.jti.com/)