(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង Dong A Thanh Hoa ដែលកំពុងឈរកំពូលតារាងលីគកំពូលវៀតណាម នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Thanh Hoa នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ពូល A។

នេះគឺជាការប្រកួតដ៏សំខាន់ ដែលគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា លោក Pep Munoz ចាត់ទុកជាជំនួបផ្ដាច់ព្រ័ត្រ និងប្ដេជ្ញាធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់អន្ដរជាតិប្រចាំតំបន់នេះ។ ចាំមើលតើស្វាយរៀង អាចយកឈ្នះក្រុម Thanh Hoa ក្នុងការរក្សាឱកាសមាសនេះបានដែរ ឬក៏យ៉ាងណា?

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាល្ងាចថ្ងៃអង្គារ លោក Pep បាននិយាយថា «សប្ដាហ៍មុន ក្រុមយើងអត់មានការប្រកួតលីគទេ ចឹងយើងមានពេលគ្រប់គ្រាន់ក្នុងការរៀបចំក្រុមទាំងមូល ដើម្បីការប្រកួតនេះ។ យើងដឹងហើយ យើងទុកការប្រកួតនេះ គឺជាការប្រកួតផ្ដាច់ព្រ័ត្រ ហើយយើងត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងជុំបន្ទាប់។ ការប្រកួតអន្ដរជាតិបែបនេះ យើងអត់អាចបង្កកំហុសបានទេ។ យើងអត់ទទួលបានពិន្ទុ សម្រាប់ ២ប្រកួតកន្លងមក។ អ៊ីចឹងយើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបាន ៣ពិន្ទុត្រឡប់មកវិញ»

គួរដឹងថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរលេខ៥ ក្នុងពូល A ដោយរក្សា ៣ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបើកឆាកឈ្នះក្រុម Terengganu FC របស់ម៉ាឡេស៊ី មុនចាញ់ ២ប្រកួតបន្ទាប់ទល់នឹងក្រុម BG Pahtum United និងក្រុម PSM Makasar។ យ៉ាងណាក្រុមតំណាងកម្ពុជា នៅសល់ ២ប្រកួតទៀត ហើយដើម្បីមានឱកាសអ៊ុតកៅអីវគ្គបន្ដ ព្រះខ័នរាជស្វាយរៀង ចាំបាច់ត្រូវការឈ្នះក្រុម Dong A Thanh Hoa ល្ងាចនេះ ខណៈបើចាញ់ នឹងត្រូវអស់ឱកាសតែម្ដង។ ចំពោះការប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕