(បរទេស)៖ ក្រោយធ្វើពិធីឡើងកាន់តំណែងរួចរាល់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបើកចំហរឱ្យមហាសេដ្ឋី Elon Musk ទិញកម្មវិធីកម្សាន្ត TikTok ប្រសិនបើនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla និង X ចង់ធ្វើដូច្នេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន មានសំណួរមួយបានចោទទៅ Trump ថា «តើលោកបើកចំហរឱ្យ Musk ទិញវេទិកាចិននេះដែរ ឬទេ» ខណៈលោកឆ្លើយតបភ្លាមៗថា «ខ្ញុំអាច ប្រសិនបើគាត់ចង់ទិញវា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះថា «ខ្ញុំបានជួបជាមួយម្ចាស់ TikTok ដែលជាមេធំ»។ «ដូច្នេះ អ្វីដែលខ្ញុំកំពុងគិត ចង់និយាយទៅកាន់អ្នកណាម្នាក់គឺ «ទិញវា» ហើយប្រគល់ពាក់កណ្តាលទៅឱ្យសហរដ្ឋអាមេរិក»។ ពោលគឺ ប្រសិនបើ Musk ឬ អ្នកណាផ្សេងទិញយក TikTok នឹងត្រូវប្រគល់ពាក់កណ្តាលនៃកម្មវិធីនេះទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជាថ្នូរនឹងការអនុញ្ញាត ដោយបង្ហាញថាប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកទេ TikTok នឹង «គ្មានតម្លៃ» ប៉ុន្តែសហរដ្ឋអាមេរិកអាចធ្វើឱ្យ TikTok US មានតម្លៃដល់ទៅ ១ពាន់ពាន់លានដុល្លារ។
គួរជម្រាបថា ក្រោយលោក Trump ចូលកាន់តំណែង បានចេញបទបញ្ជាប្រតិបត្តិដែលពន្យារពេលការអនុវត្តការហាមឃាត់នៅលើ TikTok រយៈពេល ៧៥ ថ្ងៃដោយអនុញ្ញាតឱ្យក្រុមហ៊ុនមានពេលវេលាដើម្បីចរចារការលក់ជាសក្តានុពល។ ដូច្នេះកម្មវិធីវីដេអូខ្លី ដែលមានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០ លាននាក់ បច្ចុប្បន្នេះត្រូវបានប្រើប្រាស់ក្រៅបណ្តាញបណ្តោះអាសន្នប៉ុណ្ណោះ ខណៈអនាគត TikTok យ៉ាងណានោះនៅមិនទាន់ច្បាស់នៅឡើយនោះទេ៕