(ឡុងដ៍)៖ យុវជនវ័យ ១៧ឆ្នាំត្រូវបានឃាត់ខ្លួន ពីបទមានការជាប់ពាក់ព័ន្ធនៅលើអនឡាញ ពីបំណងមិនល្អចំពោះក្រុមគ្រួសារ Kai Havertz របស់ក្លិបកាំភ្លើងធំ Arsenal នាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធនេះថា យុវជនដែលមិនត្រូវបានបង្ហាញឈ្មោះ គឺមកពីតំបន់ St Albans ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងរង់ចាំការស៊ើបអង្កេតបន្តទៀតដែរ។ នេះយោងតាមមន្រ្តីប៉ូលីសប្រចាំនៅតំបន់ Hertfordshire។
កាលពីពេលថ្មីៗនេះ នាង Sophia ភរិយារបស់ Havertz បានទទួលសារគំរាមសម្លាប់ ២លើកនៅបណ្តាញសង្គម Instagram បន្ទាប់ពីក្រុម Arsenal ក្រុមរបស់ប្តីនាងបានចាញ់ Manchester United នៅពាន FA Cup កាលពីដើមខែមករានេះ ក្នុងចំណោមសារនោះដែរ មានមួយគឺបានគំរាមរុករានដល់អាយុជីវិតដល់ទារកក្នុងផ្ទៃទៀតផង។
ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ វ័យ ២៥ឆ្នាំ Havertz បានខកខានឱកាសមាស ក្នុងការយកឈ្នះ Man Utd ក្នុងម៉ោងធម្មតា មុនពេលរូបគេ ទាត់ប៉េណាល់ទីអត់ចូលទៀត ក្នុងវគ្គបាល់ ១១ម៉ែត្រកាត់សេចក្តីដែលបិសាចក្រហមយកឈ្នះពួកគេ ៥-៣ ដ្បិតប្រកួតពេញស្មើគ្នា ១-១ អាចជាមូលហេតុធ្វើឱ្យជនអនាមិកខឹងសម្បារ ដល់ថ្នាក់ផ្ញើសារបង្ហាញចេតនាមិនល្អបែបនេះ។
គួររំលឹកផងថា Kai Havertz ដែលបានមកចូលរួមជាមួយ Arsenal តាំងពីឆ្នាំ២០២៣ បានរួមរស់ជាមួយ Sophia តាំងពីឆ្នាំ២០១៨ មុនឈានដល់មង្គលការកាលឆ្នាំទៅ ដែលភរិយាបានប្រកាសពពោះកូនទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ៕