(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានធ្វើការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជាដៃគូសហការអាជីវកម្មប៊េងកាសួរេន ជាមួយនឹង សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ក្រោមម៉ូឌែលណែនាំអតិថិជន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោយទទួលបានការអនុម័តពីសំណាក់និយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្រោមវត្តមានរបស់អ្នកឧកញ៉ា លី ឃុនថៃ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជា, លោក Jan Arend Wes អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងលោក Yeh Chan-Hao អគ្គនាយក នៃសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ រួមទាំងថ្នាក់ដឹកនាំនៃគ្រឹះស្ថានទាំងពីរ ចូលរួមជាសក្សីភាពយ៉ាងច្រើនកុះករ។ ភាពជាដៃគូយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេននេះ បង្កើតឡើងក្នុងគោលបំណងបង្កើនវិសាលភាព ក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជារួមចំណែកជួយការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយជាងមុន។
លោក Jan Arend Wes អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានថ្លែងថា «ភាពជាដៃគូនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មី និងបន្ថែមភាពងាយស្រួលជូនអតិថិជន ព្រោះអតិថិជនជាអាទិភាពចម្បង របស់សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ដែលនេះគឺជាបេសកកម្មរបស់យើង ក្នុងការជួយការពារហិរញ្ញវត្ថុ ជូនប្រជាជនកម្ពុជាឱ្យរស់នៅក្នុងជីវិតកាន់តែល្អប្រសើរ និងប្រកបដោយភាពកក់ក្តៅ។ ជាការពិតណាស់ នេះគឺជាការបើកទំព័រស្វាគមន៍សម្រាប់យើងខ្ញុំ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិត សំដៅដល់ការរួមចំណែក និងថែរក្សាសុវត្ថិភាពហិរញ្ញវត្ថុ ជូនទៅដល់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត»។
លោកអគ្គនាយកបានបន្ថែមទៀតថា «តាមទស្សនៈអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ក៏នឹងអាចចូលរួមចំណែក ក្នុងការពង្រីកទីផ្សារធានារ៉ាប់រងបន្ថែម និងផ្តល់ភាពងាយស្រួលជាងមុនដល់អតិថិជន តាមរយៈការចាប់ដៃគូអាជីវកម្មប៊េងកាសួរេននេះ»។
លោក Yeh Chan-Hao អគ្គនាយកនៃសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានលើកឡើងថា «ឥឡូវនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដោយផ្ទាល់នៅតាមទីតាំងសាខា សាជីវកម្មធនាគារកាថេ យូណៃធីត (កម្ពុជា) ចំកាត់ ទាំង១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលមានបុគ្គលិកលក់ផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ប្រកបដោយជំនាញវិជ្ជាជីវៈ រង់ចាំជួយសម្របសម្រួល ប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអំពីដំណោះស្រាយធានារ៉ាប់រង ដែលសមស្របតាមតម្រូវការរបស់អតិថិជន នៅរៀងរាល់ម៉ោងធ្វើការ។
ដើម្បីអបអរដល់កិច្ចសហការនេះ សម្រាប់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ១០០នាក់ ដំបូងនឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតភ្លាមៗ។ បន្ថែមលើសពីនេះទៀត នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចាប់ពី ៤០ម៉ឺនរៀល រហូតដល់ ១លានរៀលផងដែរ៕