(បរទេស)៖ សារព័ត៌មាន Fanacial Time បានរាយការណ៍មកថា ក្រុមហ៊ុនមេរបស់ TikTok គឺ​ ByteDance គ្រោងនឹងវិនិយោគ ១២ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥។ ការវិនិយោគនេះ កើតឡើងចំពេលដែលក្រុនហ៊ុនចិនកំពុងប្រឈមនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ជុំវិញផែនការវិនិយោគនេះ របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ByteDance គ្រោងចំណាយ ៤០ពាន់លានយន់ (ប្រហែល ៥.៥ពាន់លានដុល្លារ) នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ និងប្រហែល ៦.៨ពាន់លានដុល្លារនៅបរទេស ដើម្បីបង្កើនសមត្ថភាពបណ្តុះបណ្តាលគំរូមូដ្ឋានរបស់ខ្លួនតាមរយៈការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ Nvidia។ ទាក់ទិននឹងផែនការនេះ Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

គួរជម្រាបថា ប្រហែល​ ៦០% នៃការបញ្ជាទិញគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ ByteDace មានដូចជាក្រុមហ៊ុនចិន Huawei និង Cambricon ខណៈដែលនៅសល់នឹងត្រូវចំណាយលើបន្ទះឈីប Nvidia ដែលត្រូវបានកាត់បន្ថយដើម្បីស្របតាមការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថាបានផ្តល់ការណែនាំក្រៅផ្លូវការដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនដោយជម្រុញឱ្យពួកគេទិញយ៉ាងហោចណាស់ ៣០% នៃបន្ទះឈីបរបស់ពួកគេពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ក្នុងគោលបំណងជំរុញឧស្សាហកម្ម semiconductor ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស ជាពិសេសក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកដូចជា Nvidia ជាដើម៕