(ភ្នំពេញ)៖ ធនាគារ វីង ទទួលបានពានរង្វាន់ចំនួន៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាត ដោយទទួលស្គាល់ពីប្រតិបត្តិការឆ្នើមរបស់ខ្លួន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះវឌ្ឍនភាពវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ ការប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាតកាលពីពេលថ្មីៗកន្លងទៅនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយបានទទួលស្គាល់នូវភាពនាំមុខគេដ៏លេចធ្លោរបស់ធនាគារ វីង នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។

ពានរង្វាន់ដែលប្រគល់ដោយក្រុមហ៊ុនម៉ាស្ទ័រកាត បានទទួលស្គាល់ពីប្រតិបត្តិការដ៏ឆ្នើមរបស់ធនាគារ វីង រួមជាមួយនឹងពានរង្វាន់បីប្រភេទផ្សេងៗទៀតរួមមាន ពានរង្វាន់ Leaderships in Debit Volume 2024, ពានរង្វាន់ Leadership in Cross-Border Volume 2024, និងពានរង្វាន់ Innovation Breakthrough 2024។

ការផ្តល់ពានរង្វាន់ Innovation Breakthrough 2024 របស់ម៉ាស្ទ័រកាតធ្វើឡើងបន្ទាប់ពីធនាគារ វីង បានដាក់ឱ្យដំណើរការ ម៉ាស័្ទរកាត វ័នកាត គឺជាប្រភេទកាតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានមុខងារពីររួមបញ្ចូលគ្នា ដោយអតិថិជនអាចប្រើប្រាស់មុខងារឥណទាន និងឥណពន្ធនៅក្នុងកាតតែមួយ។ ផលិតផលដ៏មានភាពច្នៃប្រឌិតនេះ ផ្តល់ជូនអតិថិជននូវភាពបត់បែន និងមុខងារសេវាកម្មយ៉ាងពិសេសៗគ្មានគូប្រៀប ដែលបង្ហាញពីការបេ្តជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ចំពោះភាពច្នៃប្រឌិត និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ម៉ាស្ទ័រកាត វ័នកាត របស់ធនាគារ វីង បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបលំដាប់ពិភពលោក របស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល។ ដោយមានការរចនាឡើងជាមួយរូបរាងស្តើង និងគ្មានលេខ កាតនេះផ្តល់ជូននូវការការពារព័ត៌មានសំខាន់របស់គណនីធនាគារ ព្រមទាំងអាចកាត់បន្ថយហានិភ័យពីការក្លែងបន្លំ និងការលួចផងដែរ។

ភាពជោគជ័យរបស់កាតនេះ ក៏បានធ្វើឱ្យធនាគារ វីង ទទួលបានកំណើនដ៏គួរឱ្យកត់សម្គាល់ផងដែរ ដោយទំហំនៃការធ្វើប្រតិបត្តិការរបស់អតិថិជនកើនឡើង ២២% ធៀបនឹងឆ្នាំមុន។ ធនាគារ វីង ត្រូវបានទទួលស្គាល់ចំពោះប្រតិបត្តិការឆ្នើមរបស់ខ្លួននៅក្នុងទីផ្សារ ពីក្រុមហ៊ុន ម៉ាស្ទ័កាតរយៈពេលពីរឆ្នាំជាប់ៗគ្នាតែម្តង។

បន្ថែមពីលើពានរង្វាន់ថ្មីទាំងបីនេះ ធនាគារ វីង ក៏ទទួលបាននូវពានរង្វាន់៣ទៀតកាលពីឆ្នាំមុនរួមមាន ពានរង្វាន់ First Launch in the Market, ពានរង្វាន់ Leadership in Debit Volume, និងពានរង្វាន់ Innovation Breakthrough ដែលធ្វើឱ្យកិត្តិនាមរបស់ធនាគារ វីង កាន់តែរឹងមាំថែមទៀតក្នុងនាមជាគ្រឹះស្ថាននាំមុខគេនៅក្នុងទីផ្សារ។

លោក ឈុន វឌ្ឍនភក្តី អគ្គនាយករង ធនាគារ វីង បានលើកឡើងថា «យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាពពីក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដ៏លេចធ្លោមួយនៅក្នុងវិស័យទូទាត់។ ពានរង្វាន់ទាំងនេះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការបេ្តជ្ញាចិត្តចំពោះភាពច្នៃប្រឌិតប៉ុណ្ណោះទេ តែក៏ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់យើងខ្ញុំ ដើម្បីផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះទៅដល់អតិថិជនទាំងអស់ផងដែរ។ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តបង្កើតអ្វីថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជារីកចម្រើនជាលំដាប់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលតែងតែជឿជាក់ និងបន្តគាំទ្រធនាគារ វីង ក៏ដូចជាការប្រើប្រាស់ម៉ាស្ទ័រកាត វ័តកាត របស់ធនាគារ វីង សម្រាប់ជាជម្រើសនៃដំណោះស្រាយទូទាត់ប្រចាំថ្ងៃ»។

ការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ វីង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុអតិថិជន គឺបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្តល់ជូននូវការប្រើប្រាស់កាតដ៏មានភាពច្នៃប្រឌិតរហូតមក។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ ធនាគារ វីង បានដាក់ឱ្យដំណើរការកាតនិម្មិតវីង ម៉ាស្ទ័រកាត ហើយបន្ទាប់មកបណ្ណឥណពន្ធម៉ាស្ទ័រកាតដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២២ ជាកាតគ្មានលេខដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ផលិតចេញពីសារធាតុងាយរលាយមិនប៉ះពាល់ដល់បរិស្ថាន។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ឥតឈប់ឈរដោយផ្តោតលើភាពច្នៃប្រឌិតបច្ចេកវិទ្យា ព្រមទាំងជំរុញនិរន្តភាពបរិស្ថានឱ្យកាន់តែប្រសើរថែមទៀត។​

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង និងដំណោះស្រាយហិរញ្ញវត្ថុទំនើបៗជាច្រើនទៀត សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh៕