(ដកម៉ាន់)៖ Borussia Dortmund បានឈានដល់ការដកគ្រូបង្វឹក Nuri Sahin ចេញពីតំណែងនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីបរាជ័យក្នុងផ្ទះរបស់ Bologna នៃពានរង្វាន់អឺរ៉ុប UEFA Champions League យប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា នេះការជាបរាជ័យ ៤ប្រកួតជាប់គ្នាតែម្តងគ្រប់កម្មវិធី គិតចាប់តាំងពីសម្រាករដូវរងារួចមក។
ការបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Bologna ២-១ នៅរាត្រីថ្ងៃអង្គារនោះដែរ គឺជាការចាញ់លើកទី៣ នៅ UCL រដូវកាលឆ្នាំ២០២៤-២៥ ក្នុងនាមអតីតជើងឯករងរដូវកាលមុន ដែលបានចាញ់ Real Madrid ២-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ។ ពួកគេត្រូវតែយកឈ្នះ Shakhtar Donetsk នៅថ្ងៃប្រកួតចុងក្រោយ ដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ ១៦ក្រុមស្វ័យប្រវត្តិ UCL។
នៅចាំបានថា លោក Sahin វ័យ ៣៦ឆ្នាំ ត្រូវបានតែងតាំងដឹកនាំក្រុមលេងនៅ Bundesliga របស់អាល្លឺម៉ង់មួយនេះកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ជំនួសកៅអីលោក Edin Terzic ដែលបានលាឈប់ ក៏ព្រោះមិនអាចឈ្នះជើងឯកអឺរ៉ុប UCL ក្នុងឆ្នាំ២០២៤៕