(បរទេស)៖ ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បង់ប្រាក់ពិន័យប្រហែល ២០២ពាន់លានរូពី (ប្រហែល ១២.៤លានដុល្លារ) សម្រាប់ការអនុវត្តអាជីវកម្មមិនយុត្តិធម៌ទាក់ទងនឹងសេវាកម្មប្រព័ន្ធទូទាត់ Google Play Store ដែលជាវេទិកាចែកចាយកម្មវិធីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើ Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ ដោយសង្ស័យថាក្រុមហ៊ុនយក្សនេះ បានបំពានលើទីតាំងលេចធ្លោរបស់ខ្លួន ដោយតម្រូវឱ្យអ្នកបង្កើតកម្មវិធីឥណ្ឌូនេស៊ីប្រើ Google Play Billing ក្នុងអត្រាខ្ពស់ជាងប្រព័ន្ធទូទាត់ផ្សេងទៀតសម្រាប់ប្រតិបត្តិការ។ ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសវនាការថា Google បានបំពានច្បាប់របស់ប្រទេសឥណ្ឌូនេស៊ីប្រឆាំងនឹងការផ្តាច់មុខ ហើយបានរកឃើញថា Google បានគិតថ្លៃរហូតដល់ ៣០% តាមរយៈ Google Play Billing ដែលជាសេវាថ្លៃបំផុត។ ទីភ្នាក់ងារនេះ បានបន្ថែមទៀតថា Google បានគ្រប់គ្រងចំណែកទីផ្សារប្រមាណ ៩៣% នៅក្នុងប្រទេសឥណ្ឌូនេស៊ីន ដែលមានប្រជាជនចំនួន ២៨០នាក់ និងជាសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងខ្លាំង។
យ៉ាងណា Google មិនយល់ស្របនឹងការផាកពិន័យនេះទេ ខណៈអ្នកនាំពាក្យរបស់ Google បាននិយាយនៅថ្ងៃពុធថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍បកវិញចំពោះសេចក្តីសម្រេចនេះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ «ការអនុវត្តបច្ចុប្បន្នរបស់យើងជំរុញឱ្យប្រព័ន្ធអេកូកម្មវិធីរបស់ឥណ្ឌូនេស៊ីមានភាពប្រកួតប្រជែង និងមានសុខភាពល្អ» ហើយយើងបានប្តេជ្ញាក្នុងការអនុលោមតាមច្បាប់ឥណ្ឌូនេស៊ី។
គួរជម្រាបថា Google ក៏ធ្លាប់ត្រូវបានផាកពិន័យប្រាក់ចំនួន ៨.៣ពាន់លានដុល្លារនៅសហអឺរ៉ុប ជុំវិញករណីដូចគ្នានេះផងដែរ៕